(ហ្សឺណេវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងព្រំដែន Rafah ក្នុងតំបន់ហ្គាហ្សាស្ទ្រីប មិនត្រូវអនុញ្ញាតឱ្យកើតឡើងបានទេ ព្រោះវានឹងបណ្តាលឱ្យបាត់បង់ជីវិតជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន ពិបាកនឹងស្មានដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Lawrence បាននិយាយថា «ប្រសិនបើអ៊ីស្រាអែលបើកការវាយប្រហារយោធារបស់ខ្លួនលើទីក្រុង Rafah ដែលជាកន្លែងដែលមនុស្ស ១.៥ លាននាក់ ត្រូវបានផ្លាស់ទីលំនៅក្នុងស្ថានភាពដ៏អស់សង្ឈឹម នឹងបណ្តាលឱ្យបាត់បង់ជីវិតយ៉ាងច្រើន និងបង្កើនហានិភ័យ នៃឧក្រិដ្ឋកម្មដ៏ឃោរឃៅបន្ថែមទៀត»។ លោកបានសង្កត់ធ្ងន់ថា «រឿងនេះមិនត្រូវអនុញ្ញាតឱ្យកើតឡើងទេ»។
ការអំពាវនាវបែបនេះ កើតឡើងស្របពេលដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងបន្តការវាយប្រហាររបស់ខ្លួន លើចលនាហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងទីក្រុង Rafah ដែលលោកបានពិពណ៌នាថាជា «បន្ទាយចុងក្រោយរបស់ហាម៉ាស» ផងដែរ។
គួរជម្រាបថា គេប៉ាន់ប្រមាណថា មនុស្សប្រហែល ១.៥ លាននាក់ ត្រូវបានប្រមូលផ្តុំចូលទៅក្នុងទីក្រុង Rafah ដែលមានទីតាំងនៅភាគខាងត្បូងបង្អស់នៃតំបន់ហ្គាហ្សាស្ទ្រីប ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយពួកគេភាគច្រើនជាជនភៀសខ្លួន ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើង ដើម្បីគេចពីការវាយប្រហាររបស់អ៊ីស្រាអែល៕