(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា យោធាសហរដ្ឋអាមេរិក នឹងសង់កំពង់ផែបណ្តោះអាសន្នមួយ នៅលើឆ្នេរតំបន់ហ្កាហ្សាជាប់សមុទ្រមេឌីទែរ៉ាណេ ដើម្បីទទួលយកជំនួយមនុស្សធម៌តាមផ្លូវទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤។
លោក បៃដិន បានប្រាប់សភាអាមេរិកថា រូបលោកកំពុងបញ្ជាឱ្យយោធាអាមេរិក ដឹកនាំបេសកកម្មបន្ទាន់មួយ សំដៅរៀបចំសាងសង់កំពង់ផែបណ្តោះអាសន្នមួយ នៅលើឆ្នេរតំបន់ហ្កាហ្សា ដើម្បីទទួលកប៉ាល់ដែលដឹកជំនួយមនុស្សធម៌ផ្សេងៗ ដូចជាស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងតង់ស្នាក់នៅ។ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា នឹងពុំមានការដាក់ពង្រាយកងទ័ពអាមេរិកផ្ទាល់ ក្នុងបេសកកម្មនេះឡើយ។ ទីក្រុងវ៉ាស៉ីនតោន នឹងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបក៏ដូចជាដៃគូក្នុងតំបន់ ដើម្បីបង្កើតក្រុមចម្រុះអន្តរជាតិ ដែលនឹងចូលរួមចំណែកជួយផ្តល់មធ្យោបាយ កម្លាំងមនុស្ស និងមូលធិនិ សម្រាប់សម្រេចគោលដៅនេះ។ បើតាមផែនការ ជំនួយមនុស្សធម៌នឹងត្រូវប្រមូលផ្តុំ នៅទីក្រុងកំពង់របស់ ប្រទេសដែនកោះស៉ីប (Cyprus) មុនដឹកតាមផ្លូវសមុទ្រឆ្ពោះទៅកាន់ហ្កាហ្សា។
គួរបញ្ជាក់ថា លោក ចូ បៃដិន កំពុងតែប្រឈមសម្ពាធនយោបាយកាន់តែខ្លាំងឡើង ជុំវិញការប្រកាន់ជំហរគាំទ្រយ៉ាងរឹងមាំ របស់លោកសម្រាប់អ៉ីស្រាអែល បើទោះបីជាមានចំនួនមនុស្សស្លាប់ច្រើនខ្លាំង ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សាក៏ដោយ។ អង្គការសហប្រជាជាតិ (UN) បានព្រមានពីគ្រោះទុរ្ភិក្សក្នុងចំណោមជនជាតិប៉ាឡេស្ទីនជាង ២លាននាក់ នៅទីនោះ ក្រោយការប្រយុទ្ធគ្នា ដែលបានអូសបន្លាយពេលជិត៥ខែមកហើយ រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស។
តំបន់ហ្កាហ្សាមួយផ្នែកធំ ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយប្រជាជនប៉ាឡេស្ទីនភាគច្រើន ត្រូវរត់ភៀសខ្លួនពីផ្ទះសម្បែង ដោយសារតែ ការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមជើងគោកយ៉ាងក្តៅគគុករបស់អ៉ីស្រាអែល ដែលផ្តើមចេញពីហេតុការណ៍ឆ្មក់វាយប្រហារទ្រង់ទ្រាយធំ របស់ហាម៉ាស លើទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ អ៉ីស្រាអែល បានអះអាងថា ការវាយប្រហាររបស់ហាម៉ាស នាពេលនោះ បានសម្លាប់មនុស្សប្រមាណ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់។ អាជ្ញាធរតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា មនុស្សជិត៣១,០០០នាក់ហើយ បានស្លាប់ដោយសារសង្រ្គាមអ៉ីស្រាអែល នៅទីនោះ៕
រូបភាពពី Reuters