(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថារូបលោកនឹងមិនឱនក្បាលដាក់ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនជាដាច់ខាត ខណៈឆ្លៀតរិះគន់លោក ដូណាល់ ត្រាំ នៅក្នុងសុន្ទករថាមួយទៅសភាទាំង២ របស់សហរដ្ឋអាមេរិក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសុន្ទរកថាស្ដីអំពីស្ថានភាពប្រទេសជាតិ ឬ State of the Union ទៅកាន់សម័យប្រជុំរួមគ្នានៃសភាទាំង២របស់សហរដ្ឋអាមេរិក និងជាសារផ្ញើទៅកាន់លោក ពូទីន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនដកថយនោះទេ។ យើងនឹងមិនឱនក្បាលចុះនោះទេ ហើយក៏ខ្ញុំនឹងមិនឱនក្បាលនោះដែរ»

បន្ថែមពីលើនេះ ក្នុងសុន្ទរកថានោះ លោក បៃដិន ក៏បានរិះគន់លោក ត្រាំ ដោយប្រយោលផងដែរជុំវិញការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ពាក់ព័ន្ធនឹងបក្សសម្ព័ន្ធយោធា​ NATO។ លោក បៃដិន បានកត់សម្គាល់ថា «ខ្ញុំគិតថាវាគឺជារឿងគ្រោះថ្នាក់បំផុត គ្រោះថ្នាក់ជាទីបំផុត និងមិនអាចទទួលបានដែល អ្នកកាន់តំណែងមុនខ្ញុំ គឺអតីតប្រធានាធិបតីសាធារណរដ្ឋម្នាក់បាននិយាយថានឹងប្រាប់លោក ពូទីន ឱ្យធ្វើរឿងអាក្រក់តាមចិត្តដែលអ្នកចង់»

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់ដ៏ចម្រូងចម្រាសមួយថាប្រសិនបើអាចកាន់តំណែងជាប្រធានាធិបតីអាមេរិកម្ដងទៀត លោកនឹងប្រាប់ឱ្យលោក ពូទីន ធ្វើរឿងអាក្រក់តាមអំពើចិត្ត ចំពោះសមាជិក NATO ណាមួយដែលមិនបានចូលរួមបង់ប្រាក់វិភាគទានលើវិស័យការពារជាតិ៕

រូបភាពពី Reuters