(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើប្រតិបតិ្តការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ក្នុងនោះរួមមានទាំងការអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីវាយលុកចូលទីក្រុងរ៉ាហ្វាស (Rafah) នៃភាគខាងត្បូងតំបន់ហ្កាហ្សា បើទោះជាមានសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ឱ្យអ៉ីស្រាអែលបញ្ឈប់ផែនការនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤។
លោក Netanyahu បានប្ដេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ក្រោយក្រុមអ្នកប្រយុទ្ធរបស់ចលនាតស៊ូប៉ាឡេស្ទីនមួយនេះវាយប្រហារលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយសម្លាប់មនុស្សជាង ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង។ ប៉ុន្តែ ក្នុងពេលដំណាលគ្នា ការសងសឹករបស់អ៉ីស្រាអែលក៏បានសម្លាប់ ជនជាតិប៉ាឡេស្ទីនលើស ៣០ ០០០នាក់ហើយនៅក្នុងតំបន់ហ្កាហ្សា ដោយជំរុញឱ្យមានការរិះគន់ និងថ្កោលទោសជុំវិញពិភពលោក។
យ៉ាងណាក៏ដោយ លោក Netanyahu បានគូសបញ្ជាក់ថា «អ៉ីស្រាអែលត្រូវតែរួបរួមគ្នាប្រឆាំងនឹងការដាក់សម្ពាធពីអន្តរជាតិ ហើយឈរប្រកៀកស្មាគ្នាដើម្បីប្រឆាំងនឹងការប៉ុនប៉ង ទាំងឡាយដើម្បីបញ្ឈប់សង្រ្គាម»។ លោកបន្ថែមថាអ៉ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងទីក្រុងរ៉ាហ្វាស ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនជាង ១.៥លាននាក់កំពុងជ្រកកោនគេចចេញពីការវាយប្រយុទ្ធគ្នា។
«នរណាក៏ដោយដែលប្រាប់ពួកយើងកុំឱ្យធ្វើសកម្មភាពក្នុងទីក្រុងរ៉ាហ្វាស គឺមានន័យថាពួកគេកំពុងប្រាប់ពួកយើងឱ្យចុះចាញ់ តែរឿងបែបនេះនឹងមិនអាចកើតឡើងឡើយ»។ នេះជា ការសង្កត់ធ្ងន់របស់លោក Netanyahu នៅឯពិធីប្រគល់សញ្ញាបត្រ នៅឯសាលាបណ្ដុះបណ្ដាលមួយសម្រាប់មន្ត្រីយោធាអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា៕