(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៨ ខែមីនានេះ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាការដោយផ្ទាល់លើការធ្វើសមយុទ្ធបាញ់កំាភ្លើងធំទ្រង់ទ្រាយធំ ចំពោះមុខការខឹងសម្បាររបស់ទីក្រុងព្យុងយ៉ាងទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបានចាប់ផ្ដើមកាលដើមសប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
KCNA បានឱ្យដឹងថាការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានគោលបំណងពង្រឹងលក្ខណៈត្រៀមប្រយុទ្ធ និងសមត្ថភាពធ្វើសង្រ្គាមពិតៗ ខណៈភាពតានតឹងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងកាន់តែឡើងកម្ដៅ។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដដែល ការធ្វើសមយុទ្ធបាញ់កាំភ្លើងធំនេះដែរ មានការចូលរួមពីអង្គភាពយោធាឈរជើងនៅតាមតំបន់ព្រំដែន ហើយវាក៏បង្ហាញដែរថាកូរ៉េខាងជើងមានសមត្ថភាពវាយប្រហារដោយកាំភ្លើងធំលើរដ្ឋធានីរបស់ សត្រូវគឺទីក្រុងសេអ៊ូល។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពមួយកន្លែងស្ថិតនៅ តំបន់ភាគខាងលិចនៃប្រទេស។ ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ ក៏បានព្រមានទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនផងដែរថានឹងត្រូវតបស្នងមកវិញនូវតម្លៃស័ក្តិសម សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ដែលត្រូវបានរបបដឹកនាំលោក គីម ចាត់ទុកថាជាការត្រៀមលក្ខណៈឈ្លានពានប្រឆាំងនឹងរបបដឹកនាំរបស់លោក។
កូរ៉េខាងជើងសព្វថ្ងៃបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង ហើយបានគំរាមថានឹងធ្វើសង្រ្គាមភ្លាមៗ ប្រសិនបើមានការឈ្លានពានណាមួយចូលទឹកដីរបស់ខ្លួន សូម្បីតែ ០.០០១មីលីម៉ែត្រក៏ដោយ៕