(វ៉ាស៊ីនតោន)៖ ប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា បានក្លាយជាសមាជិកទី៣២របស់អង្គការ NATO ជាផ្លូវការហើយ ២ឆ្នាំបន្ទាប់ពី សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន បង្ខំឱ្យទីក្រុងស្ដុកខុលគិតគូរឡើងវិញពីគោលនយោបាយសន្តិសុខរបស់ខ្លួន និងបិទបញ្ចប់គោលការណ៍អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធដែលខ្លួនបានប្រកាន់ខ្ជាប់អស់រយៈពេលជាង ២០០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រគល់ឯកសារចុងក្រោយទៅកាន់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាជំហាន ចុងក្រោយនៃនីតិវិធីចូលជាសមាជិក ជាមួយនូវការធានាឱ្យបានការគាំទ្រពីរដ្ឋជាសមាជិកទាំងអស់របស់ NATO។ ថ្លែងនៅឯសន្និសីទមួយនៅឯ ក្រសួងការបរទេសអាមេរិក លោក Kristersson បានគូសបញ្ជាក់ដូច្នេះថា «នេះជាការបោះជំហានដ៏សំខាន់មួយ...នេះគឺជាជ័យជម្នះដើម្បីសេរីភាព នៅថ្ងៃនេះ ហើយស៊ុយអែតបានជ្រើសរើសសេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យ ព្រមទាំងជ្រើសរើសការចូលជាសមាជិក NATO»។
ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្រោយទទួលយកឯកសារចូលជាសមាជិក NATO របស់ស៊ុយអែត ពីលោក Kristersson ក៏បានលើកឡើងដែរថាអ្វីៗគ្រប់យ៉ាងបានប្រែប្រួល បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែន ដោយស៊ុយអែតបានយល់យ៉ាងច្បាស់ថា ប្រសិនបើលោក ពូទីន មានចេតនាព្យាយាមលុបបំបាត់ប្រទេសជិតខាងណាមួយចេញផែនទីពិភពលោក នោះលោកនឹងមិនបញ្ឈប់ត្រឹមហ្នឹងនោះទេ។
គួរបញ្ជាក់ថា ខណៈហ្វាំងឡង់បានចូលជាសមាជិក NATO កាលពីឆ្នាំ២០២៣ ស៊ុយអែតវិញត្រូវរង់ចាំការអនុម័តយល់ព្រមពីតួកគី និងហុងគ្រី ដោយ ក្នុងនោះតួកគីយល់ព្រមអនុម័តលើពាក្យស្នើសុំចូលជាសមាជិករបស់ស៊ុយអែតកាលពីខែមករា ឆ្នាំ២០២៤ រីឯហុងគ្រីយល់ព្រមអនុម័តកាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Kristersson ទៅកាន់ទីក្រុងប៊ុយដាប៉ែស Budapest៕