(ហ្គាហ្សា)៖ ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,៨០០ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។
ក្រសួងបានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះកងទ័ពអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៨៣នាក់ និងរបួស ១៤២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០,៨០០នាក់ និងរបួសដល់ ៧២,២៩៨នាក់។
ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបាននិយាយថា សាកសពជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥ នាក់ និងរបួសរាប់សិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir al-Balah ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះភាគច្រើនជាកុមារ និងស្ត្រី ដោយគេកត់សម្គាល់ថា ជនរងគ្រោះខ្លះនៅជាប់ក្រោមគំនរបាក់បែកនៅឡើយ។
ដោយឡែក កាលពីថ្ងៃពុធកងទ័ពអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា នៅក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង ទាហានម្នាក់ត្រូវបានសម្លាប់ និង ១៣ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះ ៦ នាក់បានរងរបួសធ្ងន់ធ្ងរ។
ទិន្នន័យបានបង្ហាញទៀតថា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់របស់ទាហានអ៊ីស្រាអែលបានកើនឡើងដល់ ៥៨៧ នាក់ និង ៣,០៥៣ នាក់ផ្សេងទៀតបានរងរបួស។
គួរជម្រាបថា អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះអំពើឃោរឃៅរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,២០០ នាក់ស្លាប់ និងចាប់មនុស្សជាង ២០០នាក់ធ្វើជាចំណាប់ខ្មាំង៕