(ហ្គាហ្សា)៖ ចលនាប៉ាឡេស្ទីនហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូក្រុមហាម៉ាសបានចាកចេញពីទីក្រុងគែរហើយនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែរក្សាកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចជាមួយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស បាននិយាយថា «គណៈប្រតិភូហាម៉ាស់បានចាកចេញពីទីក្រុងគែរនៅព្រឹកនេះ ដើម្បីទៅពិគ្រោះជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ខណៈពេលដែលការចរចា និងការខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការឈ្លានពាន ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន និងផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនរបស់យើង នឹងនៅតែបន្ត»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Sami Abu Zuhri បានចោទអ៊ីស្រាអែលថា បាន «រារាំង» កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ក្នុងអំឡុងកិច្ចចរចារយៈពេល ៤ថ្ងៃដែលរៀបចំដោយទីក្រុងគែរកន្លងទៅ។
លោក Abu Zuhri បានប្រាប់ Reuters ដូច្នេះថា អ៊ីស្រាអែលច្រានចោលការទាមទាររបស់ក្រុមហាម៉ាស ដើម្បីបញ្ចប់ការវាយប្រហាររបស់ពួកគេ ការដកកងកម្លាំងរបស់ពួកគេពីតំបន់ហ្គាហ្សាស្ទ្រីប និងធានាសេរីភាពនៃការចូលផ្តល់ជំនួយ និងការវិលត្រឡប់មកវិញនៃជនភៀសខ្លួន។
ទោះជាយ៉ាងណា ភ្លាមៗនេះមិនមានការអត្ថាធិប្បាយពីអ៊ីស្រាអែលនោះទេ។
គួរជម្រាបថា ក្រុមអ្នកចរចាមកពីក្រុមហាម៉ាស កាតា និងអេហ្ស៊ីប ប៉ុន្តែមិនមានវត្តមានភាគីអ៊ីស្រាអែលនោះទេ បានព្យាយាមក្នុងសប្តាហ៍នេះ ដើម្បីឈានដល់បទឈប់បាញ់រយៈពេល ៤០ថ្ងៃមុនខែរ៉ាម៉ាដានមកដល់ នៅដើមសប្តាហ៍ក្រោយនេះ៕