(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសចិន និងរុស្ស៊ីបានបង្កើតគំរូថ្មីមួយ សម្រាប់ទំនាក់ទំនងរវាងប្រទេសមហាអំណាច ដែលខុសប្លែកទាំងស្រុងពីបែបបទ នៃសង្គ្រាមត្រជាក់ដែលហួសសម័យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

លោក Wang បានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅក្រៅសម័យប្រជុំសភាជាតិ ដែលកំពុងបន្តនៅថ្ងៃព្រហស្បតិ៍នេះ ដូច្នេះថា ប្រទេសចិន និងរុស្ស៊ីបានប្តេជ្ញាចិត្តចំពោះមិត្តភាពជាអ្នកជិតខាងល្អយូរអង្វែង និងការធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការមិនចូលបក្សសម្ព័ន្ធ ការមិនប្រឈមមុខដាក់គ្នា និងមិនផ្តោតលើភាគីទីបីណាមួយឡើយ។

លោកបាននិយាយទៀតថា ឧស្ម័នធម្មជាតិរុស្ស៊ីផ្តល់ថាមពលអគ្គីសនីដល់គ្រួសារចិនរាប់មិនអស់ ហើយរថយន្តដែលផលិតដោយចិនបើកបរលើផ្លូវរុស្ស៊ីយ៉ាងប្រូងព្រាត ដែលបង្ហាញយ៉ាងពេញលេញនូវភាពធន់រឹងមាំ និងការរំពឹងទុកយ៉ាងទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងរុស្ស៊ី។

ទន្ទឹមនឹងនេះ លោក Wang Yi បានគូសបញ្ជាក់ថា ការរក្សា និងអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៊ី គឺជាជម្រើសយុទ្ធសាស្ត្រដែលធ្វើឡើងដោយភាគីទាំងពីរ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ហើយវាក៏ជាជម្រើសដោយជៀសមិនរួច ដែលវាស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-រុស្ស៊ី អនុលោមតាមនិន្នាការនៃពហុប៉ូលពិភពលោក និងប្រជាធិបតេយ្យនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ហើយមានតម្លៃខ្ពស់ក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល ការលើកកម្ពស់ទំនាក់ទំនងប្រកបដោយសុខភាពល្អរវាងមហាអំណាចធំៗ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចដែលកំពុងរីកចម្រើន។

គួរជម្រាបថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិនរូបនេះ កើតឡើងចំពេលដែលឆ្នាំនេះគឺជាខួបលើកទី ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងរុស្ស៉ី៕

រូបភាពពីស៊ីនហួរ