(ប៉េកាំង)៖ ព្រឹកថ្ងៃទី៧ ខែមីនា មហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើសន្និសីទសារព័ត៌មាន។ លោក Wang Yi សមាជិកការិល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិន និងបរទេសអំពីបញ្ហាពាក់ព័ន្ធនឹង "គោលនយោបាយការទូតនិងទំនាក់ទំនង ជាមួយក្រៅប្រទេសរបស់ប្រទេសចិន"។

លោក Wang Yi បានថ្លែងថា នៅឆ្នាំ២០២៣ ក្រោមការដឹកនាំយ៉ាងមុតមាំ របស់មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinpingជាប្រមុខស្នូល ការទូតចិនបានអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានចាត់ "ប្រតិបត្តិការចិន”សម្រាប់ជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ជាផែនការចិនសម្រាប់ដោះស្រាយ វិបត្តិនិងការប្រឈមគ្រប់បែបយ៉ាង ក៏ដូចជាបានរួមចំណែករបស់ចិន ក្នុងការជំរុញបុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ដែលបានត្រួសត្រាយកម្រិតថ្មី ស្តីពីទ្រឹស្តីនិងការអនុវត្តជាក់ស្តែងផ្នែកការទូតរបស់ចិន។

លោក Wang Yi បានថ្លែងបន្តថា បច្ចុប្បន្ននេះ និម្មាបនកម្មពិភពលោក កំពុងមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ សង្គមមនុស្សជាតិកំពុងជួបប្រទះ នឹងការសាកល្បងជាច្រើន ប្រឈមនឹងបរិយាកាសអន្តរជាតិ ដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ប្រទេសចិននឹងធ្វើជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាពនិងជាកម្លាំងវឌ្ឍនភាព របស់ពិភពលោកយ៉ាងមុតមាំមិនងាករេ៕

វិទ្យុមិត្តភាពកម្ពុជាចិន