(ប៉េកាំង)៖ រសៀលថ្ងៃទី ៥ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា នៃគណៈប្រតិភូខេត្ត Jiangsu នៃកិច្ចប្រជុំលើកទី ២ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលជាបេសកកម្មចម្បង និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមលក្ខខណ្ឌក្នុងតំបន់។

លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីជាតម្រូវការផ្ទៃក្នុង និងចំណុចផ្តោតសំខាន់សម្រាប់ជំរុញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បានក្លាយទៅជានិន្នាការយ៉ាងសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែនៅតែមានកត្តារឹតត្បឹតយ៉ាងច្រើន។ ការជំរុញនវានុវត្តន៍ឧស្សាហកម្ម តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា ជាពិសេសបង្កើអាជីវកម្មថ្មី រូបមន្តថ្មីនិងកម្លាំងចលករថ្មី តាមរយៈបច្ចេកវិទ្យាថ្មីបែបលោតផ្លោះនិងជឿនលឿន និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី គឺដើម្បីផ្តល់កម្លាំងចលករ និងទ្រទ្រង់យ៉ាងខ្លាំងក្លា សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ឆ្នាំ ២០២៤ គឺជាឆ្នាំគន្លឹះនៃការសម្រេចភារកិច្ចគោលដៅ ដែលកំណត់ដោយផែនការ ៥ ឆ្នាំទី ១៤។ លោកប្រធានរដ្ឋចិន Xi Jinping អធិប្បាយយ៉ាងស៊ីជម្រៅពីបញ្ហាគន្លឹះ នៃកម្លាំងផលិតកម្មគុណភាពថ្មី ក្នុងគណៈប្រតិភូខេត្ត Jiangsu គឺក្នុងគោលបំណងបកស្រាយឱ្យច្បាស់ ពីទំនាក់ទំនងរវាងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងកម្លាំងផលិតកម្មគុណភាពថ្មី ប្រើទ្រឹស្តីអំពីកម្លាំងផលិតកម្មគុណភាពថ្មី សម្រាប់ណែនាំការអនុវត្ត ការអភិវឌ្ឍជាក់ស្តែងថ្មី សំដៅជំរុញឱ្យការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ដំណើរការបាននឹងនរនិងយូរអង្វែង។

លោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី មិនមានន័យថាព្រងើយកន្ដើយ និងបោះបង់ចោលឧស្សាហកម្មប្រពៃណី ត្រូវបង្កាកុំឱ្យមានការធ្វើដោយបន្ទាន់ លេចចេញតែមួយភ្លែត ហើយក៏កុំធ្វើតាមរូបមន្តតែមួយដែរ។ ប្រសាសន៍របស់លោកបានបកស្រាយថែមទៀត នូវបញ្ហាគន្លឹះនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។

មួយផ្នែក ឧស្សាហកម្មប្រពៃណីនិងកម្លាំងផលិតកម្មគុណភាពថ្មី មិនមែនជាទំនាក់ទំនងប្រឈមមុខដាក់គ្នាទេ គន្លឹះគឺនៅត្រង់ថា ប្រើបច្ចេកវិទ្យាថ្មីធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី ជំរុញយ៉ាងសកម្មនូវឧស្សាហកម្មកម្រិតខ្ពស់ មានភាពវៃឆ្លាតនិងភាពបៃតង រៀបចំផែនការទូទៅ ដើម្បីជំរុញការធ្វើឱ្យឧស្សាហកម្មប្រពៃណី មានភាពប្រសើរឡើង ធ្វើឱ្យឧស្សាហកម្មងើបឡើងថ្មីមានភាពរីកចម្រើន និងបង្កើតនូវឧស្សាហកម្មអនាគត។ មួយផ្នែកទៀត ការអភិវឌ្ឍកម្លាំងបង្កបង្កើនផលបែបថ្មី ត្រូវអនុវត្តតាមស្ថានភាពពិតនិងចាត់វិធានការ តាមលក្ខខណ្ឌក្នុងតំបន់ ដោយពឹងលើប្រភពធនធានក្នុងតំបន់ មូលដ្ឋានឧស្សាហកម្មនិងលក្ខខណ្ឌនៃការសិក្សាស្រាវជ្រាវជាដើម។

លោក Xi Jinping ផ្តោតទៅលើកម្លាំងផលិតកម្មគុណភាពថ្មី ក្នុងមហាសន្និបាតសភាទាំងពីទូទាំងប្រទេសចិន គឺយកខេត្ត Jiangsu ជាមូលដ្ឋាននិងសំដៅទៅលើប្រទេសទាំងមូល។ សម្រាប់តំបន់នានា គន្លឹះគឺនៅត្រង់ថាប្រើវិធីសាស្រ្ត "ចាត់វិធានការទៅតាម លក្ខខណ្ឌក្នុងតំបន់" ដែលលើកឡើងដោយលោក Xi Jinping ឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងខាងទ្រឹស្តី និងការស្វែងរកអនុវត្តជាក់ស្តែង ចំពោះកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីជំរុញឱ្យសេដ្ឋកិច្ចស្តារឡើងវិញ ជាបន្តបន្ទាប់ លើកកម្ពស់ជំនឿចិត្តខាងការអភិវឌ្ឍនៃសង្គមទាំងមូល ក្នុងន័យផ្តល់សុភមង្គលដល់ប្រជាជន យ៉ាងប្រាកដប្រជា៕

វិទ្យុមិត្តភាពកម្ពុជាចិន