(ប៉េកាំង)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ចិននឹងដើរតួនាទីជា កម្លាំងដឹកនាំដើម្បីសន្តិភាព ក៏ដូចជាស្ថិរភាពរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤។
លោក Wang បានលើកឡើងយ៉ាងដូច្នេះថា «នៅចំពោះមុខវិបត្តិស្មុគស្មាញជុំវិញពិភពលោក ចិននឹងបន្តព្យាយាមដើរតួនាទីធ្វើជាកម្លាំងដឹកនាំមួយសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសកល»។ លោក Wang បានបន្តថា «យើងប្រឆាំងដាច់ខាតចំពោះអនុត្តរភាព និងការធ្វើទុក្ខបុកម្នេញគ្រប់សកម្មភាពទាំងអស់ ហើយនឹងរក្សាការពារយ៉ាងរឹងមាំ នូវអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ»។
ការអត្ថាធិប្បាយដូចខាងលើ របស់លោក Wang ធ្វើឡើង នៅក្រៅមហាសន្និបាតប្រចាំឆ្នាំនៃសភាចិនទាំង២ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ វាគឺជាឱកាសកម្រមួយ ដែលអនុញ្ញាតឱ្យពិភពលោក អាចក្រឡេកមើលយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលចិន សម្រាប់រយៈពេល១ឆ្នាំខាងមុខ។ មហាសន្និបាតសភាចិនឆ្នាំនេះ កំពុងស្ថិតក្រោមការតាមដានជាពិសេស សម្រាប់សញ្ញានៃភាពជឿជាក់របស់ថ្នាក់ដឹកនាំចិន នៅក្នុងស្ថានភាពភូមិសាស្រ្តនយោបាយបច្ចុប្បន្ន ស្របពេលដែលភាពតានតឹងនៅតែបន្ត ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង បូករួមទាំងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា៕
រូបភាពពី Reuters