(វីលនីញូស)៖ ក្នុងរបាយការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះ បណ្តាញស៉ើបការណ៍សម្ងាត់ប្រទេសលីទុយអានី បាននិយាយថា តម្លៃប្រេងខ្ពស់ ការគេចវេះពីទណ្ឌកម្ម និងការវិនិយោគពីរដ្ឋ កំពុងផ្តល់ធនធានគ្រប់គ្រាន់សម្រាប់ឱ្យប្រទេសរុស្ស៉ី អាចបន្តធ្វើសង្រ្គាមក្នុងកម្រិតដូចបច្ចុប្បន្ន បានយ៉ាងហោចណាស់ក៏២ឆ្នាំ ទៅមុខទៀតដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤។
របាយការណ៍ខាងលើបានកត់សម្គាល់ថា រុស្ស៉ីបានធ្វើកំណែទម្រង់ និងពង្រឹងកងទ័ពរបស់ខ្លួននៅអ៊ុយក្រែន កាលពី២០២៣ ហើយឥឡូវនេះ កំពុងតែចាប់ផ្តើមពង្រីក សមត្ថភាពយោធាខ្លួនថែមទៀត នៅតាមបណ្តោយព្រំប្រទល់ជាប់អង្គការ NATO រួមមានទាំងហ្វាំងឡង់ ដែលទើបក្លាយជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ កាលពីឆ្នាំមុន។ របាយការណ៍ដដែលបានបន្តថា ទីក្រុងមូស្គូបានសិក្សាអំពីមេរៀនដែលកងទ័ពខ្លួនឆ្លងកាត់ ហើយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រយុទ្ធ។
គួរបញ្ជាក់ថា លីទុយអានី ដែលមានព្រំប្រទល់នៅជាប់ទាំងរុស្ស៉ី ហើយនិងបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី គឺធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ ប៉ុន្តែសព្វថ្ងៃនេះ ជាសមាជិកនៅក្នុងអង្គការ NATO ព្រមទាំងសហភាពអឺរ៉ុប (EU)។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បាននិយាយថា រុស្ស៉ីបានពង្រឹងកងកម្លាំងយោធារបស់ខ្លួន នៅតំបន់ភាគខាងជើងនិងខាងលិច ដើម្បីឆ្លើយតបចំពោះ អ្វីដែលទីក្រុងមូស្គូមើលឃើញថា ការបង្កើនកងកម្លាំងរបស់ NATO នៅក្បែរព្រំដែនជាប់ជាមួយរុស្ស៉ី៕
រូបភាពពី Reuters