(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងមូស្គូបានចេញមុខទាត់ចោល ការចេញដីកាចាប់ខ្លួនពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងមេបញ្ជាការកំពូលរុស្ស៉ី២រូប ថាជាការបង្កហេតុដែលគ្មានន័យ ព្រោះវាមិនមានសុពលភាពផ្លូវច្បាប់អ្វី នៅក្នុងប្រទេសរុស្ស៉ីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការ ICC បានប្រកាសថា ខ្លួនបានចេញដីកាចាប់ខ្លួនលើ មេបញ្ជាការកំពូលរុស្ស៉ី២នាក់ គឺលោក Sergei Kobylash និងលោក Viktor Sokolov សម្រាប់ការវាយប្រហារមីស៉ីលប្រឆាំង ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីរបស់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ដោយសាររុស្ស៉ីមិនមែនជាភាគីក្នុងលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការ ICC ទីក្រុងមូស្គូមិនទទួលស្គាល់ ដីកាចាប់ខ្លួននោះឡើយ។ ចំណែកឯ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីវិញ បាននិយាយថា ដីកាចាប់ខ្លួនរបស់ ICC គឺជាសកម្មភាពថ្មីមួយទៀត របស់តុលាការអន្តរជាតិមួយនេះ ដែលគ្មានឥទ្ធិពលអ្វីទាំងអស់​នៅរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៣ តុលាការ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងមន្រ្តីជាន់ខ្ពស់រុស្ស៉ី​ទទួលបន្ទុកផ្នែកកុមារ លោកស្រី Maria Lvova-Belova ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលពាក់ព័ន្ធទៅនឹង សកម្មភាពចាប់ពង្រត់កុមារអ៊ុយក្រែន អំឡុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ រុស្ស៉ីក៏បានទាត់ចោលដីកាចាប់ខ្លួនទាំងនោះដែរ ហើយបដិសេធថា មិន​បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមក្នុងទម្រង់ណាមួយឡើយ នៅអ៊ុយក្រែន៕

រូបភាពពី Reuters