(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានហៅសង្រ្គាមអ៉ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ថាជាភាពអាម៉ាស់ធំមួយ សម្រាប់អរិយធម៌ពិភពលោក ហើយបានបញ្ជាក់ជាថ្មីនូវគោលជំហររបស់ទីក្រុងប៉េកាំង ដែលចង់ឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤។
លោក Wang បាននិយាយដូច្នេះថា «វាគឺជាសោកនាដកម្មមួយសម្រាប់មនុស្សជាតិ និងជាភាពអាម៉ាស់មួយ សម្រាប់អរិយធម៌ពិភពលោក ដែលសព្វថ្ងៃគឺសតវត្សរ៍ទី២១ទៅហើយ គ្រោះមហន្តរាយមនុស្សធម៌ធំបែបនេះ មិនអាចបញ្ឈប់បាន។ មិនមានហេតុផលអ្វី សម្រាប់ឱ្យជម្លោះនៅតែបន្តឡើយ។ សហគមន៍អន្តរជាតិ ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយយកបទឈប់បាញ់ និងការផ្អាកអរិភាពទាំងអស់ ធ្វើជាអាទិភាពចម្បងបង្អស់ ហើយធានាថា សកម្មភាពសង្រ្គោះមនុស្សធម៌ គឺជាការទទួលខុសត្រូវដ៏បន្ទាន់បំផុត»។ លោក Wang បានបន្ថែមថា ចិនគាំទ្រឱ្យប៉ាឡេស្ទីន ទទួលបានឋានៈជារដ្ឋសមាជិកពេញលេញ នៅក្នុងអង្គការសហប្រជាជាតិ។
ជាចុងក្រោយ លោករដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា «បំណងប្រាថ្នាជាយូរមកហើយ របស់ជនជាតិប៉ាឡេស្ទីនក្នុងការបង្កើតប្រទេសឯករាជ្យមួយ គឺមិនអាចគេចវេះបានតទៀតទេ ហើយភាពអយុត្តធម៌ជាប្រវត្តិសាស្រ្ត ដែលជនជាតិប៉ាឡេស្ទីនបានរងគ្រោះ ក៏មិនអាចបន្តរាប់ជំនាន់ទៅមុខទៀត ដោយគ្មានការកែតម្រូវឡើងវិញ ផងដែរ»។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនសរុប៣០,៧១៧នាក់ហើយ បានស្លាប់ នៅតំបន់ Gaza ក្នុងការវាយប្រហារតាមជើងគោក និងតាមផ្លូវអាកាសរបស់កងទ័ពអ៉ីស្រាអែល៕
រូបភាពពី AFP