(ប៉ារីស)៖ ប្រទេសម៉ុលដាវី និងបារាំង គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការលើវិស័យការពារជាតិ នាថ្ងៃព្រសហ្បតិ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការពង្រឹងសមត្ថភាពអតីតដែនដីសូវៀតមួយនេះ ចំពេលពួកគេកាន់តែបារម្ភថាមានកិច្ចខិតខំប្រឹងប្រែងដោយរុស្ស៉ី ដើម្បីធ្វើឱ្យមានអស្ថិរភាពនៅម៉ុលដាវី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ ២០២៤។
ម៉ុលដាវី គឺជាសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ដែលមានកញ្ចប់ថវិកាការពារជាតិតិចតួច ហើយមានទំនាក់ទំនងតានតឹងជាមួយទីក្រុងមូស្គូយូរមកហើយ និងកាន់តែអាក្រក់ទៅៗ នៅពេលដែលទីក្រុងជីស៉ីណូ គាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ រុស្ស៉ីមានកងរក្សាសន្តិភាពឈរជើងនៅឯ Transdniestria ដែលជាតំបន់ផ្តាច់ខ្លួនចេញពីម៉ុលដាវី ហើយបានរក្សាស្វ័យភាពរបស់ខ្លួនអស់ រយៈពេល ៣០ឆ្នាំមកហើយ ដោយមានការគាំទ្រពីវិមានក្រឹមឡាំង។
សេចក្តីថ្លែងការណ៍របស់ប្រធានាធីបតីបារាំង កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ក៏ដូចជាក្នុងវិស័យសេដ្ឋកិច្ច គ្រោងធ្វើពិធីចុះហត្ថលេខានៅពេលដែល លោក Emmanuel Macron ត្រូវជួបសមភាគីរបស់លោក គឺលោកស្រី Maia Sandu ក្នុងទីក្រុងប៉ារីស។ លោក Macron ក៏នឹងគូសបញ្ជាក់ពីការគាំទ្ររបស់លោក ចំពោះឯករាជ្យភាព អធិបតេយ្យភាព និងសន្តិសុខនៃសាធារណរដ្ឋម៉ុលដាវី នៅក្នុងបរិបទនៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។
គួរបញ្ជាក់ថា បារាំង និងម៉ុលដាវី បានឈានដល់កិច្ចព្រមព្រៀងបែបនេះជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលគ្រប់ដណ្តប់លើការបណ្តុះបណ្តាលបុគ្គលិកយោធា កិច្ចពិភាក្សាផ្នែកការពារជាតិជាប្រចាំ និងការចែករំលែកព័ត៌មានសម្ងាត់៕
រូបភាពពី Reuters