(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនានេះ បាននិយាយថាទីក្រុងប៉េកាំងនឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួននៅក្នុង តំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីការប៉ះទង្គិចគ្នារវាងនាវារបស់ចិន និងទូកហ្វីលីពីននៅក្បែរដែនទឹកមានជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ភាពតានតឹងរវាងចិន និងហ្វីលីពីនបានឡើងកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយតែងតែមានសេចក្ដីរាយការណ៍ជាញឹកញាប់ពីការបុកគ្នារវាងនាវា ឆ្មាំសមុទ្រចិន និងទូកហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូង។ ថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយ នាឱកាសចូលរួម មហាសន្និបាតសភាទាំង២របស់ចិន ក្នុងទីក្រុងប៉េកាំង លោក Wang Yi បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងការពារសិទ្ធិស្របច្បាប់របស់យើង អនុលោមទៅ តាមច្បាប់»

លោកបន្ថែមថា «ពាក់ព័ន្ធនឹងជម្លោះនៅដែនសមុទ្រ ចិនតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវភាពអត់ធ្មត់កម្រិតខ្ពស់ ប៉ុន្តែទន្ទឹមគ្នា យើងក៏នឹងមិនអនុញ្ញាតឱ្យសុច្ឆន្ទៈរបស់ យើងត្រូវបានរំលោភបំពាននោះដែរ ហើយយើងនឹងមិនអាចទទួលយកបានឡើយចំពោះការរំខាន ឬការបំពានដោយចេតនាលើច្បាប់សមុទ្រ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហ្វីលីពីនបានកោះហៅអ្នកតំណាងចិនម្នាក់ឱ្យចូលជួប និងសម្ដែងការតវ៉ា ក្រោយទីក្រុងម៉ានីលបានចោទថានាវាឆ្មាំសមុទ្រចិន បានបង្កឱ្យមានបុកគ្នាចំនួន២លើកជាមួយទូកហ្វីលីពីន ព្រមទាំងប្រើកាណុងបាញ់ទឹកលើទូកមួយគ្រឿងក្នុងចំណោមទូកទាំង២នេះ អំឡុងបេសកកម្មផ្គត់ផ្គង់មួយក្នុង តំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែ ទីក្រុងប៉េកាំងបានអះអាងថាខ្លួនបានចាត់វិធានការស្របច្បាប់ ប្រឆាំងនឹងទូកហ្វីលីពីន ដែលបានបំពានចូលដោយខុសច្បាប់ ក្នុងដែនទឹករបស់ចិន។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិក កំពុងប្រើប្រាស់ហ្វីលីពីនជាកូនអុក ដើម្បីបង្កភាពតានតឹងក្នុងតំបន់ បន្ទាប់ពីវ៉ាស៊ីនតោនចាត់ទុកសកម្មភាពរបស់ចិនជាទង្វើបង្ករឿង៕

រូបភាពពី AFP