(ប៉េកាំង)៖ ចិនជំរុញឱ្យសរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជា «កូនអុក» សម្រាប់បង្កអស្ថិរភាពសមុទ្រចិនខាងត្បូងទៀត ហើយប្រទេសហ្វីលីពីនក៏ចាំបាច់ត្រូវជៀសវាង ពីឧបាយកលរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យការបរទេសចិន លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលបានឆ្លើយតបទៅនឹងការសាកសួរ អំពីការលើកឡើងមិនសមរម្យរបស់ភាគីអាមេរិក ទាក់ទងនឹងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ រវាងទូកចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។
លោកស្រី Mao បានចង្អុលបង្ហាញថា តំបន់ថ្មប៉ប្រះទឹកលិចទឹក Renai Jiao គឺជាផ្នែកមួយនៃកោះ Nansha របស់ប្រទេសចិន។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើកោះនេះ និងដែនទឹកក្បែរនោះ រួមទាំងតំបន់ថ្មប៉ប្រះទឹកលិចទឹក Renai Jiao ផងដែរ។ វាបានចាទុកក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលស្របនឹងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកស្រីបានចោទជាសំណួរទៀតថា «តើនរណាជាអ្នកបង្កបញ្ហានៅពីក្រោយឧប្បត្តិហេតុនេះ? តើអ្នកណាកំពុងបំពានច្បាប់អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង? ការពិតត្រូវបានបង្ហាញយ៉ាងច្បាស់»។
អ្នកនាំពាក្យចិនរូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកប្រើប្រាស់ «សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វីលីពីន» ដើម្បីគំរាមកំហែងប្រទេសចិនតាមអំពើចិត្ត និងគាំទ្រដល់ការបំពាន និងការបង្កហេតុរបស់ហ្វីលីពីន ហើយចិនប្រឆាំងដាច់ខាតចំពោះរឿងនេះ។
ទន្ទឹមនឹងនេះ លោកស្រី Mao ជំរុញឲ្យអាមេរិកឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក ដើម្បីបង្កអស្ថិរភាពសមុទ្រចិនខាងត្បូងទៀត។ លោកស្រីបានបន្ថែមថា «ហ្វីលីពីនក៏ត្រូវជៀសវាងពីឧបាយកលរបស់សហរដ្ឋអាមេរិកផងដែរ។ មេរៀនពីប្រវត្តិសាស្ត្រប្រាប់យើងថា កូនអុកនឹងត្រូវបានបោះបង់ចោលនៅទីបំផុត»៕