(ម៉ានីល)៖ ហ្វីលីពីនរួមជាមួយសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ នាខែក្រោយ នៅទីតាំងសំខាន់ៗ ដែលរួមមានទាំងកោះរបស់ហ្វីលីពីន ដែលបែរទៅរកសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។
មន្រ្តីយោធាហ្វីលីពីន លោក Michael Logico បានឱ្យដឹងនៅថ្ងៃអង្គារនេះថា សមយុទ្ធយោធាខាងលើ ហៅថា Balikatan នឹងផ្លាស់ទៅប្រារព្ធឡើងនៅតាមទីតាំង ដែលស្ថិតក្នុងតំបន់ភាគខាងលិច និងខាងជើងប្រទេសហ្វីលីពីនវិញ ដើម្បីឱ្យវាស្របទៅតាមការកែសម្រួលការផ្តោតសំខា ន់របស់រដ្ឋាភិបាលទីក្រុងម៉ានីល ពីការការពារជាតិប្រឆាំងការគំរាមកំហែងខាងក្នុង ទៅរកការការពារជាតិប្រឆាំង ការគំរាមកំហែងពីខាងក្រៅ។
បើតាមលោក Logico កោះ Batanes ដែលជាកោះហ្វីលីពីននៅកៀកកោះតៃវ៉ាន់បំផុត អាចនឹងជាទីតាំងហាត់សមម្តងទៀតសម្រាប់សមយុទ្ធយោធា Balikatan ឆ្នាំនេះ ប៉ុន្តែលោកបានគូសបញ្ជាក់ថា សកម្មភាពយោធារបស់ហ្វីលីពីននិងអាមេរិក គឺមិនផ្តោតទៅលើតៃវ៉ាន់ឡើយ។ កោះតៃវ៉ាន់ ទោះបីមានរដ្ឋាភិបាលដាច់ដោយឡែកក៏ដោយ គឺត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថា កន្លែងធ្វើសមយុទ្ធយោធាខាងលើ ក៏នឹងរួមមានទីតាំងក្នុងខេត្ត Palawan នៅសមុទ្រចិនខាងត្បូងផងដែរ ខណៈដែនសមុទ្រនេះ គឺជាកន្លែងដែលហ្វីលីពីនបាននិងកំពុងមើលឃើញ ការកើនឡើងនៃឧប្បត្តិហេតុប្រឈមមុខដាក់គ្នាជាមួយចិន ដោយសារតែវិវាទទឹកដី។ នៅថ្ងៃអង្គារនេះផ្ទាល់ ទីក្រុងម៉ានីលបានចោទថា នាវាឆ្មាំសមុទ្រចិន បានធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់ ដែលឈានដល់បង្កការប៉ះទង្គិចជាមួយនាវាឆ្មាំសមុទ្ររបស់ខ្លួន អំឡុងប្រតិបត្តិការដឹកសម្ភារផ្គត់ផ្គង់ឱ្យកងទ័ពហ្វីលីពីន ដែលប្រចាំការនៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនបានអះអាងថា នាវាខ្លួនបានរងការខូចខាត និងនាវិកមួយចំនួនបានរងរបួស ក្នុងការប៉ះទង្គិចគ្នានោះ៕
រូបភាពពី Reuters