(ប៉េកាំង)៖ ខ្សែភាពយន្តខ្លីស្តីពី «គំនិតថ្មីក្នុងសៀវភៅបុរាណ» ដែលមាន៥វគ្គដោយផ្តល់អត្ថន័យ តាមរយៈកិច្ចសន្ទនារបស់លោក Mohiar Ghovati ជាមួយបញ្ញវន្ត និងអ្នកជំនាញផ្នែកអរិយធម៌របស់ប្រទេសចិន នៅក្នុងទីតាំងចំនួន៥គឺខេត្ត Shandong ខេត្ត Guangdong ខេត្ត Shaanxi ខេត្ត Zhejiang និងរដ្ឋធានី Beijing។
ខ្សែភាពយន្តនេះបានបកប្រែជាខេមរភាសា និងបានផ្សព្វផ្សាយនៅលើគេហទំព័រ Facebook របស់វិទ្យុមិត្តភាពកម្ពុជា-ចិន (https://www.facebook.com/watch/100064633423866/24527543446894002 ) ពិតជាទាក់ទាញអារម្មណ៍របស់ខ្ញុំយល់យ៉ាងច្បាស់ ពីគុណតម្លៃមហាសាលនៃអរិយធម៌ជាង៥០០០ឆ្នាំ របស់ប្រទេសចិនដែលបង្កប់ នូវគោលគំនិត៥យ៉ាងគឺ ទី១-ការផ្ទេរមរតកដោយឥតដាច់ទៅកាន់ជំនាន់ក្រោយៗបន្តទៀត ទី២-នវានុវត្តដើម្បីវឌ្ឍនភាព នៃវិទ្យាសាស្រ្តបច្ចេកវិទ្យាស្របតាមសម័យកាល ទី៣-ឯកភាពរួមនៃអរិយធម៌របស់ប្រជាជាតិចិនទាំងមូល ទី៤-បរិយាបន្នប្រកដោយភាពបើកចំហដែលជាចលករនៃសន្តិភាពវប្បធម៌ និងទី៥-កិច្ចសម្របសម្រួលដើម្បីភាពរឹងមាំ នៃសុខដុមនីយកម្មនិងសន្តិភាព ដោយផ្តោតជាមូលដ្ឋានលើទស្សនវិជ្ជារបស់ខុងជឺ ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដល់អភិបាលកិច្ចសកល។ ទស្សនកិច្ចដែលបានទស្សនាខ្សែភាពយន្តខ្លីទាំង៥នេះហាក់ដូចជាមិនដាច់អាល័យ និងកំពុងរង់ចាំដោយទន្ទឹងពីខ្សែភាពយន្តជាច្រើនទៀតស្របជាមួយនឹងប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំនៃអរិយធម៌ចិន។
ចាប់តាំងពីវគ្គទី១ដែលមានចំណងជើងថា «លក្ខណៈបន្តនិងមាគ៌ាអភិវឌ្ឍន៍នៃអរិយធម៌» រហូតដល់វគ្គទី៥ ស្តីពី «ហ្សែនសន្តិភាព» ដោយវគ្គនីមួយៗបង្ហាញអត្ថន័យរួមដោយផ្តល់តម្លៃមហាសាល ពីការគូសបញ្ជាក់ថាអរិយធម៌ចិនមិនត្រឹមតែជា កម្មសិទ្ធិរបស់ប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងជារបស់មនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូលទៀតផង។ រយៈពេលជាង ៥០០០ឆ្នាំមកនេះ ប្រជាជាតិចិនយល់ច្បាស់ថាក្រៅពីការជះឥទ្ធិលពល របស់អរិយធ៌ចិនទៅរួមបញ្ចូលជាមួយ អរិយធម៌បរទេសនានា ក៏មានចំណែកដែលអរិយធម៌ចិន បានរៀនសូត្រនិងបាននាំយកអរិយធម៌បរទេស មករួមបញ្ចូលប្រកបដោយបរិយាបន្ននៅក្នុងសង្គមចិន ផងដែរ លើសពីនេះអរិយធម៌ចិនបានខិតខំរួមជាមួយអរិយធម៌នានា ក្នុងចរន្តនៃអរិយធម៌សកលដើម្បីឈានឆ្ពោះទៅកាន់ អនាគតរួមគ្នា។
ខ្ញុំបានកត់សម្គាល់ឃើញថា អរិយធម៌ចិនបានផ្លាស់ប្តូរប្រកបដោយ នវានុវត្តភាពនៅក្នុងមរតកវប្បធម៌ដើម ហើយព្យាយាមផ្តល់សុខដុមនីយកម្ម នៃសន្តិភាពវប្បធម៌ដល់មនុស្សជាតិ ជាក់ស្តែងដូចជាឧបករណ៍ទ្រខ្សែពីរ (Erhu) ជាឧទាហរណ៍នៃបរិយាបន្នពីអរិយធម៌ចិននិងបរទេស ដែលផ្តល់គុណតម្លៃពីស្មារតីផ្លូវសូត្របុរាណ និងគោលនយោបាយការទូត តាមបែបផែនចិនដែលបានផ្តល់នូវទម្រដ៏រឹងមាំនៃសន្តិសុខសកល និងអភិបាលកិច្ចសកល។
ជាសច្ចភាព អរិយធម៌ចិនបានខិតខំពង្រីកនិងពន្លាតអត្ថន័យ នៃការរួបរួមនៃអរិយធម៌ចិនជាង៥០០០ឆ្នាំ ដែលតែងនាំមកនូវសុខដុមនីយកម្មរវាង មនុស្សនិងធម្មជាតិ ព្រមទាំងសុខដុមនីយកម្មរវាងមនុស្សនិងមនុស្ស ហើយក៏ជាទស្សនវិស័យប្រកបដោយត្រីវិស័យវិទ្យាសាស្រ្ត ដែលផ្តល់នូវតម្រាយមាគ៌ាសម្រាប់ការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដល់មនុស្សជាតិ ស្របនឹងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីខែមីនា ឆ្នាំ២០២៣ដោយបានបង្ហាញនូវគំនិត «រួមគ្នាផ្តួចផ្តើម» ចំនួនបួនគឺ ១-ការគោរពភាពចម្រុះ នៃអរិយធម៌ពិភពលោក ២-ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេន និងនវានុវត្តន៍លើអរិយធម៌ និង៤-ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរមនុស្សជាតិអន្តរជាតិ។ ភាពចម្រុះពណ៌នៃវប្បធម៌ដែលជនជាតិចិន មានគំនិតសន្តិភាពនិយម និងបង្កើនរង្វង់កិច្ចសហប្រតិបត្តិការពហុភាគីនិយម លើវិស័យវប្បធម៌បានក្លាយជាបច្ច័យយ៉ាងល្អ ដល់ការកសាងសន្តិភាពសកល។
ច្បាស់ណាស់ដែលថា បើទោះបីជាខ្សែភាពយន្តខ្លីទាំង៥វគ្គនេះ បានបង្កប់អត្ថន័យដាច់ដោយឡែកពីគ្នា ស្តីពីលក្ខណៈពិសេសនៃអរិយធម៌ចិនយ៉ាងណាក៏ដោយ ក៏ខ្សែភាពយន្តទាំងនេះបានបង្ហាញនូវចក្ខុវិស័យរួម របស់មនុស្សជាតិនោះគឺសន្តិភាព និងការបង្ហាញនូវមាគ៌ាឆ្ពោះទៅកាន់ ការអភិវឌ្ឍជាតិរៀងៗខ្លួន ដោយបញ្ចូលខ្លឹមសារនៃកិច្ចសន្ទនា ប្រកបដោយអត្ថន័យទាំងទស្សនវិជ្ជា ទាំងប្រវត្តិសាស្រ្ត រវាងអរិយធម៌បូព៌ា និងអរិយបស្ចិម ដោយបានពន្លាតនូវគតិបណ្ឌិតដ៏ច្រើនរបស់ អរិយធម៌បូព៌ាដែលរំលេចពីសុខដុមនីយកម្មជាមួយអរិយធម៌បស្ចិម ដើម្បីបន្តដំណើររួមគ្នាបង្កើតបាននូវសហគមន៍ ដែលមានជោគវាសនារួមជាមួយគ្នា បង្កើតបានបរិយាកាស នៃការថែរក្សាសុខសន្តិភាព សម្រាប់មនុស្សជាតិ។ សុខដុមនីយកម្មនេះបង្ហាញ ពីការគោរពយ៉ាងខ្ជាប់ខ្ជួនពីការគោរពអធិបតេយ្យភាព បូរណភាពដែនដី ឯករាជ្យភាពគ្នាទៅវិញទៅមក ដូចជាសេចក្តីគោរពចំពោះ «គោលការណ៍ចិនតែមួយ» ដែលរួមបញ្ចូលជនជាតិចិនដែលរស់នៅតៃវ៉ាន់ផងដែរ។
ខ្ញុំបានដក់ចិត្តខ្លាំងនៃខ្សែភាពយន្តវគ្គទី៣ស្តីពី «ប្រជាជាតិមិនអាចត្រូវបំបែកបំបាក់ អរិយធម៌មិនអាចត្រូវកាត់ផ្តាច់» ដោយបានរំលេចពីកំណត់ត្រានាសតវត្សរ៍ទី៣ស្តីពី «ទឹកនិងដីក្នុងតំបន់ Linhai» បានគូសបញ្ជាក់ពីដែនដីកោះតៃវ៉ាន់ស្ថិតនៅក្នុង ដែនអធិបតេយ្យរបស់ប្រទេសចិនតាំងពីបុរាណកាលមក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន