(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បាននិយាយនៅថ្ងៃអង្គារនេះថា លោករំពឹងថាវៀតណាម-អូស្រា្តលី នឹងប្រកាសពីការបង្កើនទំនាក់ទំនងទ្វេភាគី អំឡុងពេលដែលលោកត្រូវបំពេញទស្សនកិច្ចនៅអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ ២០២៤។
លោក Chinh បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «ការផ្លាស់ប្តូរនេះនឹងនាំឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៉ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។ ទំនាក់ទំនងនេះត្រូវបានធ្វើឱ្យប្រសើរឡើង ពីភាពជាដៃគូយុទ្ធសាស្រ្តដែលព្រមព្រៀងគ្នាកាលពីឆ្នាំ ២០១៨ ទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ វានឹងធ្វើឱ្យទំនាក់ទំនងរវាងវៀតណាម និងអូស្រ្តាលីស្ថិតក្នុងកម្រិតដូចគ្នាជាមួយ សហរដ្ឋអាមេរិក ជប៉ុន រុស្ស៉ី ឥណ្ឌា និងចិន។
គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងវៀតណាម ចិនក៏បានប្រកាសពីការជំរុញគោលនយោបាយប្រកបដោយទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិទ្យាសាស្រ្ត ការអប់រំ និងវប្បធម៌ជាមួយអូស្រ្តាលីផងដែរ៕
រូបភាពពី Reuters