(ម៉ាល)៖ នៅថ្ងៃអង្គារនេះ ប្រទេសដីកោះម៉ាល់ឌីវនៅមហាសមុទ្រឥណ្ឌា បានឱ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀងការពារជាតិមួយ ជាមួយប្រទេសចិន បន្ទាប់ពីបានបញ្ជាកងទ័ពឥណ្ឌា ដែលដាក់ពង្រាយនៅប្រទេសប្រជុំកោះតូចមួយនេះ ឱ្យចាកចេញទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។
ក្រសួងការពារជាតិម៉ាល់ឌីវ បានប្រកាសឱ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀងមួយ ជាមួយទីក្រុងប៉េកាំង កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ស្តីពីការជួយជ្រោមជ្រែងវិស័យយោធាពីសំណាក់ប្រទេសចិន។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិម៉ាល់ឌីវ ការចុះកិច្ចព្រមព្រៀងយោធានោះ មានគោលដៅពង្រឹងចំណងទាក់ទងទ្វេភាគីឱ្យកាន់តែរឹងមាំ ប៉ុន្តែពុំមានការផ្តល់ខ្លឹមសារលម្អិតបន្ថែមឡើយ។
មន្រ្តីយោធាឥណ្ឌាប្រមាណ៨៩នាក់នៅម៉ាល់ឌីវ នឹងត្រូវចាកចេញឱ្យផុតពីប្រទេសនេះ នៅត្រឹមថ្ងៃទី១០ ខែឧសភា បន្ទាប់ពីត្រូវបានបញ្ជាឱ្យធ្វើយ៉ាងដូច្នោះ ពីសំណាក់ប្រធានាធិបតីម៉ាល់ឌីវថ្មី គឺលោក Mohamed Muizzu ដែលបានឡើងកាន់អំណាច កាលពីឆ្នាំ២០២៣ ហើយមានជំហរងាកទៅខាងចិន។ ឥណ្ឌាមានក្តីបារម្ភចំពោះការកើនឡើងវត្តមានរបស់ចិន នៅតំបន់មហាសមុទ្រឥណ្ឌា និងការរីកសាយនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅម៉ាល់ឌីវក៏ដូចជានៅស្រីលង្កា ខណៈប្រទេសដីកោះទាំង២ សុទ្ធតែស្ថិតនៅទីតាំងយុទ្ធសាស្រ្តដ៏សំខាន់៕
រូបភាពពីក្រសួងការពារជាតិម៉ាល់ឌីវ