(ស៉ីដនី)៖ អូស្ត្រាលី នៅថ្ងៃចន្ទ ទី៤ ខែមីនានេះបាននិយាយថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរ ខាងការពារជាតិ ខណៈទីក្រុងកង់បេរ៉ាបានបញ្ចេញមូលនិធិបន្ថែមសម្រាប់កិច្ចព្រមព្រៀងសន្តិសុខសមុទ្រជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន អំឡុងកិច្ចកំពូលមួយ ជាមួយប្លុកអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong អូស្ត្រាលីនឹងវិនិយោគទឹកប្រាក់ ៦៤លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ៤១.៨លានដុល្លារអាមេរិក សម្រាប់ រយៈពេល៤ឆ្នាំ ក្នុងនោះរួមមានទាំងមូលនិធិថ្មី ៤០លានដុល្លារអូស្ត្រាលី ដែលនឹងត្រូវបែងចែកសម្រាប់ការគាំទ្រសន្តិសុខ និងវិបុលភាពក្នុងតំបន់ ស្របទៅនឹងអាទិភាព របស់បណ្ដាប្រទេសជាសមាជិកអាស៊ាន។
នៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំកំពូលជាមួយអាស៊ាន លោកស្រី Penny Wong បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងប្រឈមមុខនឹងអស្ថិរភាព ទង្វើបង្កហេតុ និងការសម្លុតគំរាម ក្នុងនោះរួមមានទាំងការធ្វើសកម្មភាពគ្មានសុវត្ថិភាពនៅសមុទ្រ និងអាកាស»។ លោកស្រីបន្តថាអ្វីដែលកំពុងកើតឡើងក្នុងតំបន់សមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងតំបន់អនុទន្លេមេគង្គ រួមទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជះផលប៉ះពាល់ដល់បណ្ដាប្រទេសទាំងអស់។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងអូស្ត្រាលី និងអាស៊ាន ក្នុងទីក្រុង Melbourne បានចាប់ផ្ដើមពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ ដើម្បីរំឮកដល់ខួប ៥០ឆ្នាំដែលអូស្ត្រាលី បានក្លាយជាដៃគូខាងក្រៅដំបូងបំផុតរបស់អាស៊ាន៕
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដោយ Reuters