(ដែនដីប៉ាឡេស្ទីន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣ ខែមីនានេះថាអាចនឹងមានបទឈប់បាញ់មួយក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ ទៅ៤៨ម៉ោងខាងមុខនេះ ប្រសិនបើអ៉ីស្រាអែលទទួលយកសំណើរបស់ខ្លួន នៅក្នុងកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅ។
កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក៏បាននិយាយដែរថាអ៉ីស្រាអែលបានយល់ព្រមទទួលយកភាគច្រើននៃសំណើពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេល ៦សប្ដាហ៍ នៅក្នុងសង្រ្គាមហ្កាហ្សា ហើយឥលូវគឺវាអាស្រ័យទៅលើក្រុមហាម៉ាសព្រមដោះលែងចំណាប់ខ្មាំង ដែរឬក៏អត់ ដើម្បីឱ្យបទឈប់បានេះញ់ចូលជាធរមាន។
ក្រុមអ្នកសម្របសម្រួលកិច្ចចរចាមកពីអេហ្ស៉ីប កាតា និងសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមស្វែងរកបទឈប់បាញ់មួយសម្រាប់តំបន់ហ្កាហ្សា នៅមុន ខែរ៉ាម៉ាឌនជាខែតមអាហារ របស់អ្នកកាន់សាសនាអ៉ីស្លាម ដែលអាចនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ឬ១១ ខែមីនា សំដៅបញ្ឈប់ផែនការវាយលុកចូលទីក្រុង Rafah របស់យោធាអ៉ីស្រាអែល។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu ធ្លាប់បានព្រមានថាបទឈប់បាញ់ណាមួយគឺគ្រាន់តែអាចផ្អាក ប្រតិបត្តិការវាយលុករបស់អ៉ីស្រាអែលប៉ុណ្ណោះ។
ជុំវិញកិច្ចចរចាស្វែងរកបទឈប់បាញ់នេះដែរ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ AFP ថា «ប្រសិនបើអ៉ីស្រាអែលយល់ព្រមទទួលយក សំណើរបស់ហាម៉ាស ដែលក្នុងនោះរួមមានការអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួនពីសង្រ្គាមត្រឡប់ទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាវិញ និងការបង្កើនការផ្ដល់ ជំនួយមនុស្សធម៌ អាចនឹងត្រួសត្រាយផ្លូវឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់ក្នុងរយៈពេល២៤ ឬ៤៨ម៉ាងខាងមុខ»។
គួរបញ្ជាក់ថា ប្រតិភូមួយក្រុមរបស់ក្រុមហាម៉ាសត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីបដើម្បីចូលរួមក្នុងកិច្ចចរចាថ្មីមួយ ជាទីដែលក្រុមហាម៉ាស ត្រូវបានរំពឹងថានឹងផ្ដល់ចម្លើយរបស់ខ្លួនចំពោះសំណើជុំវិញផែនការបទឈប់បាញ់ដែលត្រូវបានលើកយកទៅពិភាក្សាក្នុងទីក្រុងប៉ារីស កាលពីខែកុម្ភៈកន្លងទៅ៕
រូបភាពពី Reuters