(បេរូត)៖ ប្រភពពីសន្តិសុខនៅក្នុងប្រទេសលីបង់ បានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៉ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានសម្លាប់សមាជិក ៣នាក់នៃក្រុមហេសប៊ូលឡា នៅឯភាគខាងត្បូងប្រទេសលីបង់ ដែលជាហេតុការណ៍ថ្មីមួយទៀតក្នុងជម្លោះឆ្លងព្រំដែនរយៈពេលប៉ុន្មានខែមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ ២០២៤។
បុរសទាំង ៣នាក់នោះបានស្លាប់ នៅពេលរថយន្តរបស់ពួកគេត្រូវបានកំណត់គោលដៅ នៅលើផ្លូវឆ្នេរសមុទ្រក្បែរទីក្រុង Naqoura វេលាម៉ោងប្រហែល ៨ និង ៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយម្នាក់ក្នុងចំណោមពួកគេគឺជាអ្នកជំនាញផ្នែកបច្ចេកទេសអាវុធ។ ចំណែក កងទ័ពអ៉ីស្រាអែលនិយាយថា យន្តហោះមួយគ្រឿងរបស់ខ្លួនបានវាយប្រហារចំយានជំនិះ នៅឯភាគខាងត្បូងលីបង់ ដែលដឹកជញ្ជូនក្រុមភេរវករ ដែលបានបាញ់រ៉ុក្កែតចូលមកទឹកដីអ៉ីស្រាអែល។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែល ចាប់តាំងពីខែតុលាមក បានសម្លាប់សមាជិកក្រុមហេសប៊ូលឡាជាង ២០០នាក់ និងជនស៉ីវិល ៥០នាក់នៅលីបង់ ខណៈការវាយប្រហារពីលីបង់ចូលទឹកដីអ៉ីស្រាអែល ក៏បានសម្លាប់ទាហានអ៉ីស្រាអែលជាច្រើនផងដែរ រួមទាំងជនស៉ីវិល ៥នាក់។ ប្រជាជនអ៉ីស្រាអែល និងលីបង់ រាប់ម៉ឺននាក់បានភៀសខ្លួនចេញពីភូមិនានា ដែលស្ថិតនៅសងខាងព្រំដែន៕
រូបភាពពី AFP