(ខាកៀវ)៖ នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte នាថ្ងៃសុក្រនេះ បានចុះកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយអ៊ុយក្រែន នៅឯទីក្រុង Kharkiv ហើយបាននិយាយថា ប្រទេសរបស់លោកនឹងជួយផ្តល់ថវិកា សម្រាប់ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ សរុបប្រមាណ៨០០,០០០គ្រាប់ ដើម្បីគាំទ្រអ៊ុយក្រែន ទប់ទល់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។
លោក Rutte បានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំឡុងទស្សនកិច្ចមិនប្រកាសឱ្យដឹងជាមុន ទៅកាន់ទីក្រុង Kharkiv ដែលស្ថិតនៅចម្ងាយត្រឹម ៤០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំប្រទល់រុស្ស៉ី ហើយបានក្លាយជាមេដឹកនាំលោកខាងលិចទី៧ ដែលបានចុះកិច្ចព្រមព្រៀងសន្តិសុខរយៈពេល១០ឆ្នាំ ជាមួយអ៊ុយក្រែន ក្នុងពេល២ខែកន្លងមកនេះ។
បើតាមលោក Rutte ហូឡង់នឹងបរិច្ចាគថវិកា១៥០លានអឺរ៉ូ (១៦២លានដុល្លារ) ទៅក្នុងកិច្ចផ្តួចផ្តើមរបស់សាធារណរដ្ឋឆែក ស្តីពីគម្រោងទិញគ្រាប់កាំភ្លើងធំ ប្រភេទ១៥៥មីលីម៉ែត្រ ចំនួន៥០០,០០០គ្រាប់ និងប្រភេទ១២២មីលីម៉ែត្រចំនួន៣០០,០០០គ្រាប់ ពីប្រទេសទី៣។ បូកបន្ថែមជាមួយការបរិច្ចាគរបស់ហូឡង់ គិតមកទល់ពេលនេះ ផែនការរបស់ឆែក រៃអង្គាសថវិកាបានសរុប២៥០លានអឺរ៉ូ។
គួរបញ្ជាក់ថា ខណៈកញ្ចប់ជំនួយយោធាដ៏សំខាន់របស់អាមេរិក បន្តជាប់គាំងនៅក្នុងសភា អ៊ុយក្រែនកំពុងប្រឈមការខ្វះខាតយ៉ាងខ្លាំង នូវគ្រាប់កាំភ្លើងធំ ស្របពេលដែលកងទ័ពរបស់ខ្លួន កំពុងខំប្រឹងព្យាយាមទប់ទល់កងកម្លាំងរបស់រុស្ស៉ី ដែលកំពុងស្ថិតក្នុងស្ថានភាពវាយលុកសាជាថ្មីឡើងវិញ នៅភាគខាងកើត។ បើតាមលោក ហ្សេលេនស្គី នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខ ដែលត្រូវបានចុះហត្ថលេខាជាមួយលោក Rutte គឺរួមមានទាំង ជំនួយយោធាទំហំ២ពាន់លានអឺរ៉ូ (២.២ពាន់លានដុល្លារ) ពីហូឡង់នៅក្នុងឆ្នាំនេះ ព្រមទាំងការជួយគាំទ្រផ្នែកការពារជាតិក្នុងទម្រង់ផ្សេងៗទៀត សម្រាប់រយៈពេល១០ឆ្នាំខាងមុខ៕
រូបភាពពី Reuters