(បារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានការខឹងសម្បារចំពោះការបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១០០នាក់ ដែលកំពុងរងចាំទទួលជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ហើយទាមទារស្វែងរក «ការពិត និងយុត្តិធម៌» ជុំវិញតួនាទីរបស់ទាហានអ៊ីស្រាអែល នៅក្នុងឧបទ្ទវហេតុនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
លោក Macron បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង X ដូច្នេះថា «ខ្ញុំមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះរូបភាពដែលទទួលបានមកពីតំបន់ហ្គាហ្សា ជាកន្លែងដែលទាហានអ៊ីស្រាអែលកំពុងតម្រង់គោលដៅទៅលើជនស៊ីវិល។ ខ្ញុំសូមសម្តែងការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារទាំងនេះ ហើយអំពាវនាវរកការពិត យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ»។ លោកបានបន្ថែមថា វាចាំបាច់ដើម្បីឈានដល់បទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាម។
នៅថ្ងៃសុក្រនេះផងដែរ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Stephane Segorn ក៏បាននិយាយផងដែរថា ទីក្រុងប៉ារីសនឹងគាំទ្រការអំពាវនាវរបស់អង្គការសហប្រជាជាតិ សម្រាប់ការស៊ើបអង្កេតឯករាជ្យមួយជុំវិញឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ក្រសួងសុខាភិបាល នៃតំំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាស កងទ័ពអ៉ីស្រាអែលនៅក្បែរទីក្រុងហ្កាហ្សា បានបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីន ដែលបានឈរប្រមូលផ្តុំគ្នា ដើម្បីរង់ចាំទទួលជំនួយស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយជាលទ្ធផលមនុស្សជាង ១០០នាក់ បានបាត់បង់ជីវិត និងជិត៣០០នាក់ បានរងរបួស។ យ៉ាងណាមិញ ខាងយោធាអ៉ីស្រាអែល បាននិយាយថា មានហេតុការណ៍រត់ជាន់គ្នា បានកើតឡើង នៅពេលមនុស្សរាប់ពាន់នាក់ បានចោមរោមក្បួនរថយន្តដឹកជំនួយចំនួន៣៨គ្រឿង រហូតដល់ថ្នាក់បង្កឱ្យមានអ្នកស្លាប់និងរបួស ជាច្រើននាក់បែបនោះ។ រីឯប្រភពអ៉ីស្រាអែលមួយបានបង្ហើបថា កងកម្លាំងអ៉ីស្រាអែល បានបើកការបាញ់ប្រហារលើហ្វូងមនុស្ស ដោយសារមានការគំរាមកំហែងដល់ពួកគេ៕
រូបភាពពី Reuters