(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថា ការបាញ់ប្រហាររបស់អ៊ីស្រាអែលទៅលើហ្វូងមនុស្ស ដែលកំពុងរង់ចាំជំនួយនៅក្បែរទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០៤នាក់ និង ២៨០ នាក់ផ្សេងទៀតរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា គ្មានព័ត៌មានអំពីការទម្លាក់គ្រាប់បែកនៅកន្លែងនោះទេ។ ក្រោយមក កងទ័ពបាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួសដោយសារការរុញច្រាន និងរត់ជាន់គ្នា នៅពេលដែលរថយន្តជំនួយបានមកដល់ភាគខាងជើងហ្គាហ្សា។
ប្រភពអ៊ីស្រាអែលមួយបាននិយាយថា កងកម្លាំងបានបើកការបាញ់ប្រហារលើ «មនុស្សជាច្រើន» នៅក្នុងហ្វូងមនុស្ស ដែលបានបង្កការគំរាមកំហែងដល់ពួកគេ។
ការិយាល័យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា ខ្លួន «ថ្កោលទោសការសម្លាប់រង្គាលដ៏សាហាវឃោរឃៅ ដែលបានប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែលនៅព្រឹកនេះ ប្រឆាំងនឹងប្រជាជនដែលកំពុងរង់ចាំរថយន្តជំនួយក្បែររង្វង់មូល Nabulsi»។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៅហ្គាហ្សា លោក Ashraf Al-Qudra បានគូសបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរង្វង់មូល Nabulsi ភាគខាងលិចនៃទីក្រុងហ្គាហ្សា។
ក្រុមហាម៉ាស់បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះអាចនាំទៅដល់ការបរាជ័យនៃកិច្ចពិភាក្សា ដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។
សេចក្តីថ្លែងការណ៍បាននិយាយថា «ការចរចាដែលធ្វើឡើងដោយមេដឹកនាំនៃចលនានេះ មិនមែនជាដំណើរការបើកចំហ ដែលត្រូវចំណាយឈាមរបស់ប្រជាជនរបស់យើងទេ» ដោយបន្ថែមថា អ៊ីស្រាអែលនឹងទទួលខុសត្រូវ ចំពោះការបរាជ័យណាមួយនៅក្នុងកិច្ចចរចា៕