(យេរូសាឡឹម)៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា អ៊ីស្រាអែលកំពុងពិនិត្យមើលវិធានការរឹតបន្តឹង ដែលអាចកើតមានលើការចូលទៅកាន់វិហារ Al-Aqsa នៃក្រុងយេរូសាឡឹម ក្នុងអំឡុងខែតមអាហារនៃបុណ្យរ៉ាម៉ាដានខាងមុខនេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋមន្ត្រីសន្តិសុខស្តាំនិយមមួយចំនួន លើកសំណើរអនុម័តលើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Avi Hayman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា «បញ្ហានៃការចូលទៅគោរពបូជានៅក្នុងវិហារអ៊ីស្លាម Al-Aqsa នៅតែស្ថិតក្រោមការពិភាក្សានៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី»។ លោកបន្ថែមថា ការសម្រេចចុងក្រោយនឹងគិតដល់សន្តិសុខ សុខភាពសាធារណៈ និងសេរីភាពនៃការគោរពបូជា។
គួរជម្រាបថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បាននិយាយថា នឹងមានកូតាសម្រាប់ជនជាតិភាគតិចមូស្លីមរបស់អ៊ីស្រាអែល ១៨% ដែលមានបំណងចង់ចូលទៅគោរពបូជាដោយសន្តិភាព នៅឯវិហារអ៊ីស្លាម Al-Aqsa ។
កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានស្នើទៅកាន់អ៉ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាអ៊ីស្លាម អាចទៅគោរពបូជានៅឯព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ៊្សេរុយសាឡិម អំឡុងពិធីបុណ្យរ៉ាម៉ាឌន បន្ទាប់ពីរដ្ឋមន្រ្តីស្តាំនិយមអ៉ីសា្រអែលមួយចំនួន លើកជាសំណើរហាមឃាត់ពលរដ្ឋប៉ាឡេស្ទីនមកពីតំបន់ West Bank សម្រាប់ការចូលទៅគោរពបូជានៅទីនោះ។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានកំណត់លក្ខខណ្ឌដើម្បីចូលមកធ្វើការគោរពបូជា នៅក្នុងទីក្រុងហ៊្សេរុយសាឡិមអំឡុងពិធីបុណ្យរ៉ាម៉ាឌន ដែលជាខែដ៏ពិសិដ្ឋរបស់ពលរដ្ឋកាន់សាសនាអ៊ីស្លាម ហើយចាប់ផ្តើមនៅថ្ងៃទី១០ ឬថ្ងៃទី ១១ ខែមីនា អាស្រ័យទៅលើប្រតិទិនតាមច័ន្ទគតិ៕
រូបភាពពី Reuters