(ប៉េកាំង)៖ គម្រោងវិនិយោគបរទេសគឺជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញវិបុលភាពនិងការអភិវឌ្ឍរួម នៃសេដ្ឋកិច្ចរបស់ចិននិងពិភពលោក ។ កិច្ចប្រជុំគណអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ត្រូវចាត់ទុកលំនឹងទុនបរទេស ជាចំណុចសំខាន់ ក្នុងការធ្វើឱ្យបានល្អ នូវការងារសេដ្ឋកិច្ចនៅឆ្នាំនេះ ហើយនឹងធ្វើការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយនិងវិធានការស្តីពីការកៀរគរ និងប្រើប្រាស់ទុនបរទេសឱ្យបានកាន់តែខ្លាំងក្លា។
តាមទិន្នន័យថ្មីបំផុតនៃរដ្ឋាភិបាលចិន បង្ហាញឱ្យឃើញថា ក្នុងខែមករាឆ្នាំនេះ សហគ្រាសទុនបរទេសដែលបង្កើតឡើងថ្មី នៅទូទាំងប្រទេសចិនមានចំនួន ៤៥៨៨ សហគ្រាស ក្នុងបរិបទដែលចំនួនសហគ្រាសបន្តកើនឡើងនៅឆ្នាំ២០២៣ វាបានកើនឡើង ៧៤,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ។ មិនពិបាកឃើញថា ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោក បានបង្អង់ល្បឿននិងការវិនិយោគនៅបរទេសជាសកល បានធ្លាក់ចុះជាទូទៅក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែជាគោលដៅពេញនិយម សម្រាប់ការបណ្តាក់ទុនរបស់សហគ្រាសបរទេសដដែល។
ចាប់តាំងពីឆ្នាំ២០១៨ មក ស្ថានភាពវិនិយោគសកលបានបន្តមានភាពថមថយចុះ។ នៅឆ្នាំ២០២២ ការវិនិយោគផ្ទាល់នៅបរទេស ជាសកលបានធ្លាក់ចុះ ១៣,៨ ភាគរយជាទូទៅ ក្នុងនោះ កម្រិតធ្លាក់ចុះនៃអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍កាន់តែមានភាពខ្លាំងក្លា ដែលបានឈានដល់ ១៧,១ ភាគរយ។ ក្នុងសភាពការណ៍បែបនេះ ការកៀរគរទុនបរទេសរបស់ចិន បាននិងកំពុងរក្សា ស្ថិរភាពជាទូទៅដែលបានមកដោយមិនងាយទេ។ គិតរហូតដល់ខែមករា ឆ្នាំនេះ ពិតមែនតែការកៀរគរទុនបរទេសរបស់ចិន បានធ្លាក់ចុះបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ក៏ដោយ ក៏ប៉ុន្តែវាបានកើនឡើង ២០,៤ ភាគរយបើប្រៀបធៀប នឹងខែមុនដែលបង្ហាញឱ្យឃើញថា ភាពសកម្មរបស់ការវិនិយោគបរទេស សម្រាប់ប្រកបអាជីវកម្មនៅប្រទេសចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ និយាយជារួម ឱកាសអភិវឌ្ឍន៍ដ៏ធំធេង និងសក្តានុពលនៃកំណើនរបស់ទីផ្សារចិន គឺ ធ្វើឱ្យក្រុមហ៊ុនឆ្លងប្រទេសមិនអាចបោះបង់ចោលបាន។
ក្នុងខែមករាឆ្នាំនេះ ការវិនិយោគនៅប្រទេសចិនរបស់ប្រទេសអភិវឌ្ឍន៍លោកខាងលិច បានកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ ប្រទេសបារាំងនិងស៊ុយអែតបានកើនឡើង ២៥ ដងនិង១១ ដង ដោយឡែកពីគ្នា ហើយការវិនិយោគជាក់ស្តែងរបស់អាល្លឺម៉ង់ អូស្ត្រាលីនិងសិង្ហបុរីនៅប្រទេសចិនបានកើនឡើង ២១១,៨ ភាគរយ ១៨៦,១ ភាគរយនិង ៧៧,១ ភាគរយដោយឡែកពីគ្នា ។ ទង្វើរបស់ប្រទេសទាំងនេះបានបញ្ជាក់ថា មតិអវិជ្ជមានដែលប្រព័ន្ធសារព័ត៌មានលោកខាងលិច ឃោសនាបំប៉ោងថា "គម្រោងវិនិយោគបរទេស ដកខ្លួនចេញពីចិន” គឺ គ្មានភស្តុតាងទាល់តែសោះ។
អ៊ីចឹង ហេតុអ្វីបានជាសហគ្រាសទុនបរទេសបាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន? តាមលទ្ធផលនៃការស្ទង់មតិ ដែលប្រកាសដោយក្រុមហ៊ុន HSBC របស់អង់គ្លេសបានឱ្យដឹងថា សហគ្រាសទុនបរទេស ដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួន ៨៧ ភាគរយបានថ្លែងថា ពួកគេនឹងពង្រីកគម្រោងអាជីវកម្ម របស់ខ្លួននៅប្រទេសចិន។ មូលហេតុគឺរួមមាន៖ សេដ្ឋកិច្ចចិន បាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ចិននិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅជាដើម។ សហគ្រាសបរទេសដែលចូលរួមផ្តល់បទសម្ភាសន៍យល់ឃើញថា ឧត្តមភាពនៃឧស្សាហកម្មកម្មន្ដសាល ទំហំទីផ្សារប្រើប្រាស់ សេដ្ឋកិច្ចឌីជីថលនិងកាលានុវត្តភាពក្នុងវិស័យអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពនៃប្រទេសចិន សុទ្ធតែជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញឱ្យពួកគេពង្រីក គម្រោងអាជីវកម្មនៅប្រទេសចិន។
ការជ្រើសរើសទីផ្សារចិន ធ្វើឱ្យគម្រោងវិនិយោគបរទេសទទួលបាន ប្រាក់ចំណេញដ៏ច្រើនលើសលប់។ អត្រាទទួលប្រាក់ចំណេញ នៃការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេស នៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រហែលជា ៩ ភាគរយដែលស្ថិតក្នុងចំណាត់ថ្នាក់នាំមុខគេលើពិភពលោក។ របាយការណ៍ថ្មីបំផុតដែលប្រកាសដោយ ក្រុមប្រឹក្សាចិនសម្រាប់ ការជំរុញពាណិជ្ជកម្មអន្តរជាតិបានបង្ហាញថា សហគ្រាសទុនបរទេសដែលចូលរួម ការផ្តល់បទសម្ភាសន៍ចំនួនជិត ៧០ ភាគរយមានសុទិដ្ឋិនិយម ចំពោះសភាពការណ៍ទីផ្សារ របស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចំណែកសហគ្រាសទុនបរទេស ដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួនលើសពី ៩០ ភាគរយប៉ាន់ប្រមាណថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ អត្រាប្រាក់ចំណេញនៃគម្រោងវិនិយោគ នៅប្រទេសចិននឹងស្មើគ្នាឬមានការកើនឡើង។ អ្នកវិភាគបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយ ពាក់ព័ន្ធរបស់ប្រទេសចិន ត្រូវបានដាក់ចេញជាបន្តបន្ទាប់ ទំហំកៀរគរទុនបរទេសនិងអនុបាតសកល នៅពេលអនាគតក៏នឹងកាន់តែប្រសើរឡើងដែរ ដែលពង្រឹងបន្ថែមទៀត នូវជំនឿចិត្តរបស់ទុនបរទេស ក្នុងការបន្តធ្វើអាជីវកម្មរយៈពេលយូរ នៅប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន