(ប៉េកាំង)៖ ប្រជាធិបតេយ្យជាគុណតម្លៃរួម នៃមនុស្សជាតិ។ បន្ទាប់ពីឈានចូលដំណាក់កាលធ្វើទំនើបកម្ម មនុស្សគ្រប់គ្នាខំរុករកកាន់តែស៊ីជម្រៅ ចំពោះប្រព័ន្ធប្រជាធិបតេយ្យ។

«គ្រាប់សណ្តែកមាស គ្រាប់សណ្តែកប្រាក់ កុំបោះផ្តេសផ្តាស ជ្រើសរើសមនុស្សត្រឹមត្រូវ បោះក្នុងចានរបស់មនុស្សត្រឹមត្រូវ» --ក្នុងសតវត្សរ៍ឆ្នាំ១៩៣០និងឆ្នាំ១៩៤០ បក្សកុម្មុនីស្តចិនដែលដឹកនាំមហាជនចិនតស៊ូរំដោះប្រជាជាតិ និងដណ្តើមឯករាជ្យជាតិ បានបង្កើតវិធីបោះឆ្នោតតាមរយៈការបោះគ្រាប់សណ្តែក។ កាលនោះ ប្រជាជនចិនភាគច្រើនមិនចេះអក្សរ ការយកសណ្តែកជាស្លឹកឆ្នោត អាចធានាឱ្យអ្នកមិនចេះអក្សរអាចអនុវត្តសិទ្ធិប្រជាតិបតេយ្យរបស់ខ្លួនបាន។ ពេលបោះឆ្នោត បេក្ខជនឈរឈ្មោះអង្គុយជាជួរ បែរខ្នងដាក់អ្នកបោះឆ្នោត ហើយដាក់ចានទទេមួយនៅពីក្រោយខ្នងម្នាក់ៗ អ្នកភូមិដែលមានអាយុលើសពី ១៨ ឆ្នាំយកគ្រាប់សណ្តែករបស់ខ្លួនហើយ បោះក្នុងចានដែលខ្លួនពេញចិត្ត ទីចុងបំផុត ផ្អែកលើចំនួនគ្រាប់សណ្តែកក្នុងចាន កំណត់ថាតើនរណាជាប់ឆ្នោត។

លោក ម៉ៅ សេតុង ធ្លាប់បូកសរុបថា «ប្រធានរដ្ឋរបស់យើង នាយករដ្ឋមន្ត្រីយើង សុទ្ធតែត្រូវជ្រើសរើសចេញពីការបោះឆ្នោត ក្នុងមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស ហើយចាំបាច់ត្រូវគោរពតាមមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន។»

វាយតម្លៃលើប្រទេសណាមួយមានប្រជាធិបតេយ្យឬអត់ លោក Xi Jinping បានសម្គាល់ឃើញថាគួរអង្កេតមើលលើ ៤ចំណុចគឺ៖
១ គួរមើលថាតើប្រជាជនមានសិទ្ធិបោះឆ្នោតអត់ សំខាន់ជាងនេះទៀតគួរមើលថាតើប្រជាជនមានសិទ្ធិចូលរួមទូលំទូលាយឬអត់។
២ គួរមើលថាប្រជាជនទទួលបានពាក្យសន្យាផ្ទាល់មាត់អ្វីខ្លះក្នុងពេលបោះឆ្នោត សំខាន់ជាងនេះទៀតគួរតាមដានមើលថា តើពាក្យសន្យាទាំងនេះសម្រចបានប៉ុន្មានក្រោយបោះឆ្នោតរួច។ ៣ គួរមើលថាតើយន្តការនិងច្បាប់បានកំណត់ យ៉ាងម៉េចចំពោះរបៀបវារៈ នយោបាយនិងនីតិវិធីនយោបាយ សំខាន់ជាងនេះទៀតគួរមើលថាតើប្រព័ន្ធនិងច្បាប់ទាំងនេះ ត្រូវបានអនុវត្តយ៉ាងពិតប្រាកដឬអត់។ ៤ គួរមើលថាតើក្បួនច្បាប់និងនីតិវិធីសម្រាប់ប្រតិបត្តិការ នៃអំណាចមានភាពប្រជាធិបតេយ្យឬអត់ សំខាន់ជាងនេះទៀតគួរមើលថា តើសិទ្ធិអំណាច មានស្ថិតនៅក្រោមការឃ្លាំមើល និងគ្រប់គ្រងពីប្រជាជនយ៉ាងពិតប្រាកដឬអត់។

រហូតដល់បច្ចុប្បន្ន ក្នុងខែមីនារាល់ឆ្នាំ ប្រជាជនចិនជាប់រវល់ធ្វើការងារប្រកបអាជីវកម្ម និងចូលរៀនក្នុងសាលាផង ក៏យកចិត្តទុកដាក់លើ ការបើកធ្វើមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនផង តាមរយៈមធ្យោបាយនិងវិធីសាស្ត្រខុសគ្នា ដូចជាការិយាល័យទំនាក់ទំនង នៅមូលដ្ឋាន របស់តំណាងសភាប្រជាជនបណ្តាញអ៊ីនធើណេត ទូរស័ព្ទជាដើម ចូលរួមជជែកពិភាក្សានិងដាក់ចេញនូវក្ដីរំពឹង។

ចាប់ពីគ្រាប់សណ្តែកមួយចាន ជ្រើសរើសចេញនូវបុគ្គលដែលប្រជាជនជឿជាក់ រហូតដល់យុគសម័យឆ្លាតវៃ សារបញ្ចេញមតិ ចែករំលែកនិងចុចសរសើរហាក់ដូច «គ្រាប់សណ្តែកឌីជីថល»របស់ប្រជាជនចិន។ មិនថាការងារវិស័យណាមួយក្តីទាំងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងអេកូឡូស៊ី ជាដើម ក្នុងអំឡុងពេលធ្វើការបោះឆ្នោត ការពិគ្រោះពិភាក្សា ការសម្រេច ការគ្រប់គ្រង រហូតដល់ការត្រួតពិនិត្យ សុទ្ធតែបង្ហាញពីបំណងរបស់ប្រជាជននិងសំឡេងរបស់ប្រជាជន។

មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនប្រមូលផ្តុំ ចាត់ចែងបូកសរុបសំឡេងទាំងនេះ ដើម្បីកំណត់ជាភារកិច្ចនិងគោលដៅរដ្ឋាភិបាល អនុវត្តម្ដងមួយៗ ធ្វើសេចក្តីរាយការណ៍ជាសាធារណៈអំពីរាល់កិច្ចការងារ។ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល បានធ្វើឱ្យប្រទេសចិនរួមបញ្ចូលកម្លាំងនៃពហុវិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចជាតិ ឱ្យកាន់តែខ្លាំងឡើងៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន