(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិប៉ាឡេស្ទីនកើនលើស៣០,០០០នាក់ហើយ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស បានផ្ទុះឡើងកាលពីជិត៥ខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រសួងសុខាភិបាលហាម៉ាស បាននិយាយថា តួលេខថ្មីនេះត្រូវបានធ្វើបច្ចុប្បន្នភាព បន្ទាប់ពីមនុស្សយ៉ាងហោច៧៩នាក់ ទើបតែបានបាត់បង់ជីវិតថែមទៀត ដោយសារតែសង្រ្គាម ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នៅហ្កាហ្សា។ នាពេលនេះ ក្រុមអ្នកសម្រុះសម្រួលជម្លោះមកពីអេហ្ស៉ីប កាតា និងសហរដ្ឋអាមេរិក កំពុងបន្តប្រឹងប្រែងស្វែងរកបទឈប់បាញ់ រយៈពេល៦សប្តាហ៍ សម្រាប់សង្រ្គាមដែលបង្កឡើងដំបូង ដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយអ៉ីស្រាអែល បានធ្វើប្រតិបត្តិការយោធាសងសឹកវិញ ដោយប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ដែលគ្រប់គ្រងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ក្រុមអ្នកសម្រុះសម្រួលជម្លោះរំពឹងចង់ឱ្យ បទឈប់បាញ់ត្រូវសម្រេចបាន នៅពេលចាប់ផ្តើមបុណ្យរ៉ាម៉ាឌន ដែលជាខែបួសរបស់ជនមូស្លីម និងប្រព្រឹត្តទៅនៅថ្ងៃទី១០ ឬទី១១ ខែមីនា ខាងមុខ ដោយអាស្រ័យលើប្រតិទិនចន្ទគតិ ហើយមានរយៈពេល១ខែ៕
រូបភាពពី AFP