(ហ្គាហ្សា)៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki បាននិយាយនៅថ្ងៃពុធនេះថា លោកជឿថា ក្រុមហាម៉ាស់យល់ពីមូលហេតុ ដែលខ្លួនមិនគួរជាផ្នែកមួយ នៃរដ្ឋាភិបាលថ្មីនៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក al-Maliki បានប្រាប់សន្និសីទសារព័ត៌មានថា ចាំបាច់ត្រូវមានរដ្ឋាភិបាល «ជំនាញ» ដោយគ្មានក្រុមដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែលចូលរួមឡើយ។ ដោយលោកបានសង្កត់ធ្ងន់ថា ឥឡូវនេះវាមិនមែនជាពេលវេលា សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះនោះទេ។
លោកបានប្រាប់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានអង្គការសហប្រជាជាតិ ដូច្នេះថា «ឥឡូវនេះមិនមែនជាពេលដែលក្រុមហាម៉ាស ចូលរួមក្នុងរដ្ឋាភិបាលនោះទេ ពីព្រោះក្នុងករណីនេះវានឹងត្រូវបានធ្វើពហិការ ដោយប្រទេសជាច្រើនដូចដែលបានកើតឡើងពីមុនមក»។
លោកបានពន្យល់ថា «យើងមិនចង់ស្ថិតក្នុងស្ថានភាពបែបនេះទេ។ យើងចង់ឱ្យសហគមន៍អន្តរជាតិទទួលយក និងចូលរួមយ៉ាងពេញលេញនៅក្នុងដំណើរការនេះ»។ លោកបានបន្ថែមថា អាទិភាពសំខាន់ គឺធ្វើឱ្យសហគមន៍អន្តរជាតិចូលរួម ដើម្បីជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប៉ាឡេស្ទីន ហើយបន្ទាប់មកមើលពីរបៀបកសាងតំបន់ហ្គាហ្សាឡើងវិញ។
គួរជម្រាបថា កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Shtayeh បានប្រកាសអំពីការលាលែងពីតំណែងរបស់លោក ដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ដោយលើកឡើងពីតម្រូវការសម្រាប់ការផ្លាស់ប្តូរ បន្ទាប់ពីការបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
ក្រឹត្យមួយចេញដោយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានបញ្ជាក់ថា រដ្ឋាភិបាលនឹងនៅតែកាន់អំណាចបណ្ដោះអាសន្ន រហូតដល់មានរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕
រូបភាពពី AFP