(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសថា បេសកជនចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៉ី លោក Li Hui នឹងបំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ ទៅកាន់រុស្ស៉ី អ៊ុយក្រែន ព្រមទាំងទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប (EU) ដើម្បីបើកកិច្ចពិភាក្សាលើសង្រ្គាម ដែលឥឡូវមានរយៈពេល២ឆ្នាំមកហើយ រវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទស្សនកិច្ចខាងលើនឹងតំណាងឱ្យជុំទី២ នៃកិច្ចប្រឹងប្រែងការទូត ដើម្បីជួយស្វែងរកដំណោះស្រាយនយោបាយ សម្រាប់វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ ក្រៅពីរុស្ស៉ី អ៊ុយក្រែន និងទីស្នាក់់ការកណ្តាលរបស់ EU ដែលស្ថិតនៅក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក លោក Li ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ ផងដែរ។
ទីក្រុងប៉េកាំងបានបន្ថែមថា រឿងដែលសំខាន់បំផុតនាពេលនេះ គឺស្តារសន្តិភាពឡើងវិញនៅអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា «ក្នុងពេល២ឆ្នាំចុងក្រោយនេះ ពួកយើងមិនដែលបោះបង់ចោលឡើយ នូវកិច្ចប្រឹងប្រែងដើម្បីលើកស្ទួយសន្តិភាព និងមិនដែលឈប់លើកកម្ពស់កិច្ចសន្ទនានោះទេ។ អ្វីដែលយើងបានធ្វើ សំដៅទៅរកគោលដៅតែមួយគត់ គឺកសាងការឯកភាពគ្នាដើម្បីបិទបញ្ចប់សង្រ្គាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាព»។
គួរបញ្ជាក់ថា លោក Li Hui ធ្លាប់បានបំពេញទស្សនកិច្ចមកកាន់តំបន់អឺរ៉ុប កាលពីឆ្នាំមុន ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដើរតួនាទីជា ភាគីជួយសម្រុះសម្រួលជម្លោះ។ អំឡុងពេលនោះ រូបលោកបានបើកកិច្ចពិភាក្សានៅទីក្រុងមូស្គូ ទីក្រុងកៀវ និងរដ្ឋធានីនៃប្រទេសអឺរ៉ុបមួយចំនួនទៀត៕
រូបភាពពី Reuters