(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃអង្គារនេះថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ នឹងជៀសមិនរួចឡើយ ប្រសិនបើបណ្តាប្រទេសលោកខាងលិច សម្រេចចិត្តបញ្ជូនកងកម្លាំងទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ការអត្ថាធិប្បាយរបស់ លោក Peskov បែបនេះ កើតឡើង ចំពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងក្នុងសន្និសីទនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ដែលមេដឹកនាំអឺរ៉ុបមួយក្រុម បានពិភាក្សាអំពីវិធីពង្រឹងការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន។
លោក Macron បានកត់សម្គាល់ថា ទោះបីជាមិនមានការឯកភាពជាផ្លូវការក្នុងចំណោមមេដឹកនាំអឺរ៉ុបក៏ដោយ ក៏លទ្ធភាពនៃការបញ្ជូនកងកម្លាំងលោកខាងលិចទៅកាន់អ៊ុយក្រែន មិនគួរត្រូវបានច្រានចោលឡើយ ដោយបន្ថែមថា លោកខាងលិចនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីធានាថារុស្ស៊ីមិនឈ្នះសង្គ្រាមដែលកំពុងបន្ត។
នៅក្នុងការឆ្លើយតបទៅនឹងសំណួរ អំពីការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់អ៊ុយក្រែន លោក Peskov បាននិយាយដូច្នេះថា «ក្នុងករណីនេះ អ្វីដែលយើងត្រូវពិភាក្សាមិនមែនជាលទ្ធភាពនោះទេ ប៉ុន្តែជាភាពជៀសមិនរួច (នៃជម្លោះជាមួយណាតូ)»៕
រូបភាពពី Reuters