(បែរឡាំង)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ បានបញ្ចេញផែនការមួយពាក់ព័ន្ធនឹងអនាគតរបស់តំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមជាមួយក្រុមហាម៉ាសបិទបញ្ចប់។ នេះគឺជាលើកដំបូងហើយដែលលោក Netanyahu បញ្ចេញផែនការផ្លូវការរបស់អ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមក្នុងតំបន់ ហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែលសម្លាប់ជនជាតិអ៉ីស្រាអែលប្រហែលជា ១១៦០នាក់ និងចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង។
អ៉ីស្រាអែលជឿថានៅសល់ចំណាប់ខ្មាំង ១៣០នាក់កំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាសនៅឡើយ។ ចំណែក បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាវិញ ការវាយប្រហាររបស់ អ៉ីស្រាអែលបានសម្លាប់មនុស្សជាង ២៩,៥០០នាក់ហើយ និងជាង ៧០,០០០នាក់រងរបួស នៅចំពោះមុខវិបត្តិមនុស្សធម៌កាន់តែមានសភាពអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីផែនការរបស់អ៉ីស្រាអែល សម្រាប់តំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់៖
* តើនរណានឹងគ្រប់គ្រងតំបន់ហ្កាហ្សា?
តាមផែនការរបស់លោក Netanyahu អ៉ីស្រាអែលចង់ឱ្យតំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយក្រុមមន្ត្រីប៉ាឡេស្ទីនដែលមានបទពិសោធន៍ខាងរដ្ឋបាល និងមិនមានទំនាក់ទំនង ឬជាប់ពាក់ព័ន្ធជាមួយក្រុមហាម៉ាស។ អាជ្ញាធរប៉ាឡេស្ទីន ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងតំបន់ West Bank មិនត្រូវបានលើកឈ្មោះនៅក្នុងផែនការនេះទេ ប៉ុន្តែ ក៏មិនមាន ការច្រាលចោលដាច់ខាតចំពោះលទ្ធភាពសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សានោះដែរ។ សហរដ្ឋអាមេរិក ធ្លាប់បានបង្ហាញការគាំទ្រឱ្យអាជ្ញាធរប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់។
* យោធាអ៉ីស្រាអែលគ្រប់គ្រងសន្តិសុខទាំងស្រុង
តាមសារព័ត៌មានអ៉ីស្រាអែល The Times of Israel និង Haaretz យោធាអ៉ីស្រាអែលនឹងគ្រប់គ្រងលើសន្តិសុខក្នុងតំបន់ហ្កាហ្សាទាំងមូល។ នេះមានន័យថាអ៉ីស្រាអែលនឹងកម្ទេច ចោលនូវរាល់ហេដ្ឋារចនាសម្ព័ន្ធយោធាទាំងអស់របស់ក្រុមហាម៉ាស ហើយផ្ដល់សិទ្ធិអំណាច និងសេរីភាពគ្មានព្រំដែនដល់យោធាអ៉ីស្រាអែល ក្នុងការធ្វើប្រតិបត្តិការ។ ម្យ៉ាងទៀត ក៏មានផងដែរសេចក្ដីរាយការណ៍ថាអ៉ីស្រាអែលចង់សាងសង់ផ្លូវថ្មីមួយដែលពុះចែកគ្នារវាងភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង សន្តិសុខ។ ប៉ុន្តែ ក្រុមអ្នកតាមដានស្ថានការណ៍សង្រ្គាមហ្កាហ្សា បានបង្ហាញការព្រួយបារម្ភថាអ៉ីស្រាអែលអាចនឹងប្រើប្រាស់ផ្លូវមួយនេះ ដើម្បីរារាំងមិនឱ្យប្រជាជនប៉ាឡេស្ទីនដែល បានភៀសខ្លួនទៅកាន់ភាគខាងត្បូង នៅដើមទីនៃសង្រ្គាម ត្រឡប់ទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាវិញ។
សារព័ត៌មាន Haaretz បានរាយការណ៍ថាផែនការរបស់លោក Netanyahu ក៏មានរួមបញ្ចូលផងដែរនូវការបង្កើត «តំបន់ទ្រនាប់ការពារមួយ» រវាងហ្កាហ្សា និងអ៉ីស្រាអែលដែល កងទ័ពអ៉ីស្រាអែលជាអ្នកគ្រប់គ្រង ហើយមិនអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញនោះទេ។ ការបង្កើតតំបន់ទ្រនាប់របៀបនេះអាចនឹងកាត់បន្ថយផ្ទៃដីនៃតំបន់ហ្កាហ្សាបន្ថែមទៀត។ បើតាមសារព័ត៌មាន Times of Israel វិញ អ៉ីស្រាអែលក៏មានបំណងអនុវត្តការបិទព្រំដែនភាគខាងត្បូងស្ថិតនៅរវាងព្រំដែនអេហ្ស៉ីប និងហ្កាហ្សាដែរ ដើម្បីទប់ស្កាត់ការរត់ពន្ធនានា ចូលទៅក្នុងតំបន់ហ្កាហ្សា។
* តើអាចនឹងមានការរំលាយទីភ្នាក់ងារ UNRWA របស់ UN ឬ?
គោលដៅផ្សេងទៀតរបស់អ៉ីស្រាអែល នៅក្រោយសង្រ្គាមហ្កាហ្សា នោះគឺការបិទទីភ្នាក់ងារផ្ដល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬហៅកាត់ថា UNRWA ដែលត្រូវបានលោក Netanyahu ចោទប្រកាន់ថាបុគ្គលិកមួយចំនួននៃទីភ្នាក់ងារមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ អង្គការសហប្រជាជាតិបានបណ្ដេញបុគ្គលិក UNRWA ដែលជាប់សង្ស័យ និងបានបើកការស៊ើបអង្កេតផ្ទៃក្នុង។ ព្រមពេលជាមួយគ្នា បណ្ដាប្រទេសមួយចំនួន ក្នុងនោះរួមមានទាំង សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានសម្រេចផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុរបស់ពួកគេសម្រាប់ UNRWA។
* ការទាមទាររបស់អ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែល
ក្រុមអ្នកនយោបាយស្តាំនិយមជ្រុលក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu ដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich និងទីប្រឹក្សាសន្តិសុខជាតិលោក Itamar Ben Gvir បានទាមទារឱ្យបណ្ដេញប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់ហ្កាហ្សា ដើម្បីទុកឱ្យនិគមជនអ៉ីស្រាអែលចូលទៅរស់នៅជំនួសវិញ។ ប៉ុន្តែមកទល់នឹងពេលនេះ លោក Netanyahu បានបដិសេធការទាមទារទាំងនេះ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានរិះគន់ផែនការនេះដែរ ដោយនិយាយការពង្រីកការតាំងទីលំនៅ របស់អ៉ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីន នឹងរារាំងដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព។
* ដំណោះស្រាយរដ្ឋពីរ
លោក Netanyahu បានបន្តច្រានចោល «ដំណោះស្រាយរដ្ឋពីរ» បើទោះជាមានការជំរុញពីបណ្ដាប្រទេសដែលគាំទ្រដំណោះស្រាយនេះក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ដែរក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញការគាំទ្រផងដែរដល់អាជ្ញាធរប៉ាឡេស្ទីន នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Mahmoud Abbas ឱ្យត្រឡប់ទៅដឹកនាំ តំបន់ហ្កាហ្សាក្រោយសង្រ្គាមបញ្ចប់។ អ្នកនាំពាក្យម្នាក់នៃអាជ្ញាធរប៉ាឡេស្ទីន បានចេញមុខទាត់ចោលផែនការរបស់លោក Netanyahu។
អ្នកនាំពាក្យរូបនេះបាននិយាយថា «ហ្កាហ្សានឹងក្លាយជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនមានឯករាជ្យភាពមួយ ដោយមាន Jerusalem ជារដ្ឋធានី»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រសិនបើពិភពលោកចង់ឱ្យមានសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នោះត្រូវតែបិទបញ្ចប់ការធ្វើអាណានិគមរបស់អ៉ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ហើយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មួយដែលមាន Jerusalem ជារដ្ឋធានីរបស់ខ្លួន៕
រូបភាពពី Reuters