(ប្រ៊ុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធភាពយោធាមិនមានគម្រោងបញ្ជូនកងទ័ពប្រយុទ្ធ ទៅកាន់ប្រទេសអ៊ុយក្រែនឡើយ ចំពេលមានរបាយការណ៍ថា ប្រទេសលោកខាងលិចមួយចំនួន អាចនឹងកំពុងពិចារណាដាក់ពង្រាយកងទ័ពប្រយុទ្ធ ទៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Stoltenberg បាននិយាយដូច្នេះថា «សម្ព័ន្ធមិត្តណាតូកំពុងផ្តល់ការគាំទ្រ ដែលមិនធ្លាប់មានពីមុនមកដល់អ៊ុយក្រែន។ យើងបានធ្វើរឿងនេះតាំងពីឆ្នាំ ២០១៤ មក ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង បន្ទាប់ពីមានការលុកលុយទ្រង់ទ្រាយធំ (ពីរុស្ស៉ី)។ ប៉ុន្តែយើងមិនមានផែនការដាក់ពង្រាយកម្លាំងប្រយុទ្ធរបស់ណាតូ នៅលើដីក្នុងប្រទេសអ៊ុយក្រែនទេនោះទេ»។
អង្គការណាតូក្នុងនាមជាសម្ព័ន្ធមិត្ត បានផ្តល់ដល់អ៊ុយក្រែន នូវជំនួយដែលមិនមានគ្រោះថ្នាក់ដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ឯកសណ្ឋាន និងសម្ភារៈប្រើប្រាស់សម្រាប់រដូវរងា ប៉ុន្តែសមាជិកខ្លះ បានបញ្ជូនអាវុធ និងគ្រាប់រំសេវជាទ្វេភាគី ឬជាសមូហភាព។ ការសម្រេចចិត្តណាមួយរបស់អង្គការមួយនេះ ដើម្បីបញ្ជូនទ័ព តម្រូវឱ្យមានការគាំទ្រជាឯកច្ឆ័ន្ទពីរដ្ឋជាសមាជិកទាំងអស់។
រហូតមកដល់ពេលនេះ គំនិតនៃការចូលទៅក្នុងសមរភូមិដោយផ្ទាល់ត្រូវបានហាមឃាត់ ជាពិសេសនៅពេលដែល ណាតូព្យាយាមជៀសវាងការចូលទៅក្នុងសង្រ្គាមកាន់តែទូលំទូលាយ ជាមួយរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពី ២ ឆ្នាំមុន អ្នកគាំទ្ររបស់អ៊ុយក្រែនបានផ្តល់បន្តិចម្តងៗ នូវអាវុធបច្ចេកវិទ្យាខ្ពស់ និងរយៈចម្ងាយឆ្ងាយបន្ថែមទៀត។
នៅថ្ងៃចន្ទនេះដែរ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការបញ្ជូនកងកម្លាំងលោកខាងលិចទៅកាន់អ៊ុយក្រែន មិនគួរត្រូវបាន «ច្រានចោល» ឡើយ ខណៈដែលការឈ្លានពានពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែនឈានចូលដល់ឆ្នាំទី ៣ របស់ខ្លួន។
ទោះជាយ៉ាងណា លោក Macron មិនបានបញ្ជាក់លម្អិតបន្ថែមពីគោលជំហររបស់បារាំងនោះទេ ដោយគ្រាន់តែលើកឡើងពីភាពចាំបាច់នៃយុទ្ធសាស្ត្រមិនច្បាស់លាស់ និងបញ្ជាក់ថាជម្រើសដែលលោកបានឡើង ក៏ត្រូវបានលើកឡើងនៅក្នុងជម្រើសជាច្រើនផ្សេងទៀតផងដែរ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន៕
រូបភាពពី Reuters