(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៩,៨៧៨ នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩៦ នាក់ និង ១៧២ នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩,៨៧៨ នាក់ និងរបួសដល់ ៧០,២១៥ នាក់។
សេចក្តីថ្លែងការណ៍បានពន្យល់ថា ជនរងគ្រោះមួយចំនួននៅបន្តជាប់គាំង នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយកងកម្លាំងអ៊ីស្រាអែលបានរារាំងផ្លូវចូលរបស់រថយន្តសង្គ្រោះ និងក្រុមការពារជនស៊ីវិល។
ប្រភពបានប្រាប់ស៊ីនហួរថា យន្តហោះបានទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នង នៅកណ្តាលក្រុង Rafah ដោយបានសម្លាប់មនុស្ស ៩ នាក់ និងជាច្រើននាក់ទៀតរងរបួស។
ប្រភពវេជ្ជសាស្ត្របាននិយាយថា ដោយឡែក ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយខ្នងនៅភូមិ Karara ភាគខាងជើងនៃទីក្រុង Khan Younis បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៥ នាក់ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះអំពើឃោរឃៅ ដែលធ្វើឡើងដោយក្រុមហាម៉ាស់នៅព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានបណ្តាលឱ្យមនុស្សប្រមាណ ១,៤០០ នាក់ស្លាប់ និងជាង ២០០ នាក់ជាចំណាប់ខ្មាំង៕
រូបភាពពី Reuters