(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា អ៉ីស្រាអែលបានយល់ព្រមផ្អាក សកម្មភាពយោធានៅតំបន់ហ្កាហ្សា (Gaza) អំលុងបុណ្យខែរ៉ាម៉ាឌន របស់សាសនាអ៉ីស្លាម ខណៈបទឈប់បាញ់ជាមួយក្រុមហាម៉ាស កំពុងស្ថិតក្រោមការចរចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
អំលុងបទសម្ភាសមួយក្នុងកម្មវិធីរបស់ទូរទស្សន៍អាមេរិក NBC ដែលចាក់ផ្សាយនៅថ្ងៃអង្គារនេះ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «បុណ្យរ៉ាម៉ាឌនកំពុងខិតជិតមកដល់ ហើយខាងអ៉ីស្រាអែលបានយល់ព្រមថា ពួកគេនឹងមិនធ្វើសកម្មភាពយោធា អំលុងខែបុណ្យនេះឡើយ ដើម្បីទុកពេលឱ្យយើង អាចនាំយកចំណាប់ខ្មាំងទាំងអស់ ត្រឡប់មកវិញ»។ បើតាមលោកប្រធានាធិបតីអាមេរិក អ៉ីស្រាអែលនិងក្រុមហាម៉ាស កំពុងតែស្ថិតក្រោមការចរចាគ្នា ដើម្បីស្វែងរកបទឈប់បាញ់ ហើយលោកសង្ឃឹមថា នឹងអាចមានបទឈប់បាញ់ ត្រូវសម្រេចបាន នៅត្រឹមដើមសប្តាហ៍ក្រោយ។ បុណ្យរ៉ាម៉ាឌនត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅយប់ថ្ងៃទី១០ ខែមីនា ហើយបញ្ចប់ទៅវិញនៅយប់ថ្ងៃទី៩ ខែមេសា។
គួរបញ្ជាក់ថា ក្រុមប្រទេសជួយសម្រុះសម្រួលជម្លោះ បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីធានាឱ្យបាននូវបទឈប់បាញ់រយៈពេលវែងនៅ Gaza ក្រោមក្តីសង្ឃឹមថា នឹងអាចទប់ស្កាត់មិនឱ្យមាន ការវាយប្រហារទ្រង់ទ្រាយធំតាមជើងគោក ចូលទៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងដែនដីប៉ាឡេស្ទីនមួយនេះ ដែលជាទីមនុស្សប្រមាណ ជាង១លាននាក់ កំពុងតែជ្រកកោន ក្រោយរត់ភៀសខ្លួនពីការប្រយុទ្ធគ្នា។ បន្ទាប់ពីក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់ អំឡុងការឆ្មក់វាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ៉ីស្រាអែលបានធ្វើសង្រ្គាមតាមផ្លូវអាកាសនិងផ្លូវគោក ប្រឆាំងតំបន់ Gaza ហើយមកទល់ពេលនេះ ជនជាតិប៉ាឡេស្ទីនសរុបជិត៣០,០០០នាក់ បាត់បង់ជីវិតនៅទីនោះ៕
រូបភាពពី Reuters