(ប៉េកាំង)៖ ក្រុមហ៊ុនផលិតយន្តហោះនៃប្រទេសចិន COMAC បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើការហោះហើរបង្ហាញសមត្ថភាព យន្តហោះដឹកអ្នកដំណើរ C919 និង ARJ21 នៅប្រទេសអាស៊ានចំនួន៥ ដើម្បីព្យាយាមពង្រីកការលក់ពួកវាទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមហ៊ុន COMAC ដែលស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន និងមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ យន្តហោះ C919 និង ARJ21 នឹងធ្វើការហោះហើរបង្ហាញសមត្ថភាព នៅឯប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៉ី និងឥណ្ឌូណេស៉ី។ យន្តហោះដឹកអ្នកដំណើរ C919 ទើបតែបានទៅដល់វៀតណាម ដើម្បីចូលរួមពិព័រណ៍អាកាសចរណ៍មួយនៅទីនោះ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីពិព័រណ៍អាកាសចរណ៍នៅសិង្ហបុរី បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ក្រោយប្រព្រឹត្តទៅអស់១សប្តាហ៍។
យន្តហោះទាំងពីរខាងលើបានបង្ហាញខ្លួន អំឡុងព្រឹត្តិការណ៍ Singapore Airshow កាលពីសប្តាហ៍មុន ដែលជាការបង្ហាញវត្តមានលើកដំបូងបំផុត នៃយន្តហោះ C919 នៅក្រៅប្រទេសចិន។ យន្តហោះដឹកអ្នកដំណើរនេះ ដែលជាប្រភេទ narrow-body ត្រូវបានអះអាងថា គឺជាគូប្រជែងសម្រាប់យន្តហោះ 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing ហើយនិងយន្តហោះ A320neo របស់ក្រុមហ៊ុនអឺរ៉ុប Airbus។ ចំណែកឯ យន្តហោះ ARJ21 វិញ គឺជាយន្តហោះដឹកអ្នកដំណើរ មានទំហំតូចជាង C919 ហើយប្រើប្រាស់ជាចម្បងនៅក្នុងប្រទេសចិនផ្ទាល់ ប៉ុន្តែយន្តហោះនេះ ក៏មានធ្វើប្រតិបត្តិការនៅអាកាសចរណ៍មួយរបស់ឥណ្ឌូណេស៉ីផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន COMAC ផ្ទាល់ កម្មវត្ថុចម្បងនៃការហោះហើរយន្តហោះ C919 និង ARJ21 នៅប្រទេសអាស៊ានទាំង៥ ខាងលើ គឺដើម្បីបង្ហាញពីសមត្ថភាពដ៏ប្រសើរ នៃយន្តហោះដឹកអ្នកដំណើរទាំងនេះ ហើយដាក់ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រីកទីផ្សារពួកវា នាពេលអនាគត នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ ចិនក៏ធ្លាប់បាននិយាយដែរថា ខ្លួនចង់ធានាឱ្យបាន នូវការទទួលស្គាល់ទូលំទូលាយពីអន្តជាតិ សម្រាប់យន្តហោះ C919 របស់ខ្លួន នៅឆ្នាំនេះ ក្នុងនោះរួមមានទាំងការព្យាយាមចង់បាន ការទទួលស្គាល់ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់សហភាពអឺរ៉ុប។ មកទល់ឥឡូវ យន្តហោះដឹកអ្នកដំណើរនេះ ទទួលបានការបញ្ជាទិញច្រើនជាង១,០០០គ្រឿង ប៉ុន្តែភាគច្រើនគឺធ្វើឡើងពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ចិន និងក្រុមហ៊ុនផ្តល់សេវាកម្មជួលយន្តហោះ៕
រូបភាពពី Reuters