(ប៊ុយដាប៉ែស)៖ សភារបស់ប្រទេសហុងគ្រី បានអនុម័តលើសំណើរបស់ស៊ុយអែត ដើម្បីក្លាយជាសមាជិកអង្គការណាតូ (NATO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលជា ការជម្នះឧបសគ្គចុងក្រោយ និងបើកផ្លូវឱ្យប្រទេសក្នុងតំបន់អាត្លង់ទិកខាងជើងមួយនេះ ឈានជើងចាកចេញពីគោលការណ៍អព្យាក្រឹត គិតចាប់តាំងពីសម័យសង្រ្គាម លោកលើកទី២ និងសម័យសង្រ្គាមត្រជាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ការអនុម័តពីសំណាក់ហុងគ្រី បានបញ្ចប់ការពន្យារពេលជាច្រើនខែ លើការផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ស៊ុយអែត ហើយបានធ្វើឡើងក្រោយទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson នៅហុងគ្រី កាលពីសប្តាហ៍មុន ដោយកំលុងពេលនោះប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធ ផងដែរ។
លោក Kristersson បានប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ស៊ុយអែត កំពុងចាកចេញពីអព្យាក្រឹតភាព និងការមិនចូលបក្សសម្ព័ន្ធយោធា ដែលបន្សល់ទុក ២០០ឆ្នាំ មកហើយ។ យើងកំពុងចូលរួមជាមួយណាតូ ដើម្បីការពារនូវអ្វីដែលយើងមាន និងគ្រប់យ៉ាងដែលយើងជឿជាក់ថាកាន់តែប្រសើរ»។
គួរបញ្ជាក់ថា វត្តមានរបស់ស៊ុយអែត ដែលមិនមានសង្រ្គាមតាំងពីឆ្នាំ១៨១៤ និងហ្វាំងឡង់ផងនោះ គឺជាការពង្រីកខ្លួនដ៏សំខាន់បំផុតសម្រាប់ណាតូ ចាប់តាំងពីប្រមូល បានសមាជិកមកពីប៉ែកអឺរ៉ុបខាងកើត ក្រោយអតីតសហភាពសូវៀតដួលរលំកាលពីឆ្នាំ១៩៩១។
ស្របពេលដែលការបង្កើនកិច្ចសហប្រតិបត្តិការរបស់ស៊ុយអែតជាមួយអង្គការណាតូ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានរួមចំណែកដល់ប្រតិបត្តិការនៅកន្លែងនានា ដូចជាអាហ្វហ្កានីស្ថាន សមាជិកភាពនេះ ក៏ត្រូវបានកំណត់ឱ្យរៀបចំផែនការការពារជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅឯប៉ែកខាងជើងរបស់សម្ព័ន្ធមិត្ត៕
រូបភាពពី Reuters