(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូកគ្មានមនុស្សបើក៣គ្រឿង និងមីស៊ីលគ្រូស២គ្រាប់ នៅក្នុង ប្រទេសយេម៉ែន ព្រមទាំងយន្ដហោះដ្រូនប្រយុទ្ធមួយគ្រឿងនៅលើសមុទ្រក្រហម កាលពីថ្ងៃចន្ទម្សិលមិញ ដែលបង្កការគំរាមកំហែងភ្លាមៗដល់កប៉ាល់ ក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានបំផ្លាញទូកគ្មានមនុស្សបើក៣គ្រឿង មីស៊ីលគ្រូសប្រឆាំងនាវា ២គ្រាប់ និងយន្ដហោះដ្រូនប្រយុទ្ធ មួយគ្រឿង ហើយទូក និងមីស៊ីលទាំងនោះត្រូវបានត្រៀមជាសម្រេចដើម្បីបាញ់ចេញឆ្ពោះទៅកាន់សមុទ្រក្រហម។ ការវាយប្រហារបស់យោធាអាមេរិក ធ្វើឡើង នៅចន្លោះពីម៉ោង៤៖៤៥នាទីរសៀល និងម៉ោង ១១៖៤៥នាទីយប់ (ម៉ោងក្នុងទីក្រុងសាណា ប្រទេសយេម៉ែន)។ CENTCOM បានបន្ថែមថាកងកម្លាំងអាមេរិក បានកំណត់ថាទូកគ្មានមនុស្សបើក និងមីស៊ីលគ្រូសរបស់ក្រុមហ៊ូទី បង្កការគំរាមកំហែងបន្ទាន់ដល់កប៉ាល់ដឹកទំនិញ និងនាវចម្បាំងអាមេរិកក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសរួមគ្នាប្រឆាំងនឹងគោលដៅចំនួន ១៨ របស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែនផងដែរ ក្នុងនោះរួមមានឃ្លាំងស្ដុកអាវុធ ដ្រូនប្រយុទ្ធ ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងឧទ្ធម្ភាគចក្រមួយគ្រឿង៕
រូបភាពពី AFP