(តៃប៉ិ)៖ រដ្ឋមន្ត្រីតៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈនេះបានប្រាប់អ្នកសារព័ត៌មានថាទូកឆ្មាំសមុទ្រចិន ៥គ្រឿង បានចូលក្នុងដែនទឹកហាមឃាត់ ឬមានការរឹតត្បិតនៅជុំវិញ កោះ Kinmen របស់តៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញ ចំពោះមុខការកើនឡើងភាពតានតឹងជាមួយប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឆ្មាំសមុទ្រចិន នៅក្នុងខែកុម្ភៈនេះបានចាប់ផ្ដើមធ្វើប្រតិបត្តិការល្បាតជាប្រចាំ នៅជុំវិញកោះ Kinmen គ្រប់គ្រងដោយតៃវ៉ាន់ បន្ទាប់ពីជនជាតិចិន២នាក់បានស្លាប់ ក្នុងពេល ព្យាយាមរត់គេចពីឆ្មាំសមុទ្រតៃវ៉ាន់ ដែលបានចោទថាពួកគេបានចូលក្នុងដែនទឹកហាមឃាត់។ តាមលោកស្រី Kuan Bi-ling ដែលជាប្រមុខក្រុមប្រឹក្សាកិច្ចការមហាសមុទ្រ របស់តៃវ៉ាន់ ទូកឆ្មាំសមុទ្រចិនបានចាកចេញពីតំបន់ខាងលើ បន្ទាប់ពីឆ្មាំសមុទ្រតៃវ៉ាន់ប្រាប់ឱ្យពួកគេចាកចេញ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មន្រ្តីឆ្មាំសមុទ្រចិន ៦នាក់បានឡើងជិះលើទូកដឹកភ្ញៀវទេសចរតៃវ៉ាន់មួយគ្រឿង ដើម្បីត្រួតពិនិត្យផែនការធ្វើដំណើររបស់ទូកមួយនេះ រួមទាំង លិខិតបញ្ជាក់ និងអាជ្ញាបណ្ណរបស់នាវិក មុននឹងចុះពីទូកនេះវិញ៕
រូបភាពពី Reuters