(ស៊ីដនី)៖ របាយការណ៍ថ្មីមួយរបស់វិទ្យាស្ថាន Lowy មានមូលដ្ឋានក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានឱ្យដឹងថាចិនគឺជាមហាអំណាចការទូតលេខ១ នៅលើពិភពលោក ដោយមានការិយាល័យទូតនាំមុខសហរដ្ឋអាមេរិក ក្នុងគម្លាតតិចតួច។
នៅក្នុងរបាយការណ៍សន្ទស្សន៍ការទូតសកល (Global Diplomacy Index) ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ វិទ្យាស្ថាន Lowy បានបញ្ជាក់ទៀតថាចិនមាន ការិយាល័យទូត ក្នុងនោះរួមមានស្ថានទូត ស្ថានកុងស៊ុល និងការិយាល័យផ្សេងទៀតចំនួន ២៧៤កន្លែងនៅជុំវិញពិភពលោក ដោយនាំមុខសហរដ្ឋអាមេរិក ៣កន្លែង ដែលមានការិយាល័យ ២៧១កន្លែង។
តាមរបាយការណ៍នេះដដែល ចិនមានបេសកកម្មការទូតធំបំផុតនៅក្នុងតំបន់អាហ្រ្វិក អាស៊ីខាងកើត បណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក និងអាស៊ីកណ្ដាល។ ចំណែក សហរដ្ឋអាមេរិកវិញមានបេសកកម្មការទូតធំបំផុតនៅក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ីខាងត្បូង។
គួរបញ្ជាក់ថា គម្លាតបែបនេះរវាងសហរដ្ឋអាមេរិក និងចិនមានការថយចុះបើធៀបទៅនឹងកាលពីឆ្នាំ២០២១ ជាពេលដែលចិនមានការិយល័យទូតច្រើនជាងសហរដ្ឋអាមេរិក ៨កន្លែង។ ការថយចុះគម្លាតនេះដែរកើតឡើងដោយសារតែសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានបើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅតាមប្រទេសដែនកោះប៉ាស៊ីហ្វិក ស្របពេលចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនោះ៕
រូបភាពពី AFP