(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ កងកម្លាំងរបស់សហរដ្ឋអាមេរិក រួមជាមួយចក្រភពអង់គ្លេស បានបន្តបើកការវាយប្រហារទៅលើគោលដៅក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន ខណៈវាគឺជាសកម្មភាពយោធាថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ដែលនៅតែបន្តការវាយប្រហាររបស់ខ្លួន លើកប៉ាល់ដឹកជញ្ជូនទំនិញ នៅក្នុងតំបន់។
សហរដ្ឋអាមេរិក បានធ្វើសកម្មភាពវាយប្រហារយោធាសឹងតែរាល់ថ្ងៃ ប្រឆាំងក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដីភាគច្រើននៅប្រទេសយេម៉ែន។ នៅពេលដែលនិយាយដល់កម្លាំងយោធា សុទ្ធសាធ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន តួយ៉ាងដូចជាអង់គ្លេសគួរតែមិនមានបញ្ហាអ្វីនោះទេក្នុងការបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូទីនៅក្នុងតំបន់សមុទ្រក្រហម។ ប៉ុន្តែ ទោះជាអាមេរិក និងអង់គ្លេសបើកការវាយប្រហារតាមផ្លូវអាកាសរួមគ្នាម្ដងហើយម្ដងទៀតលើក្រុមហ៊ូទីក៏ដោយ ក៏ក្រុមឧទ្ទាមមួយនេះមានមូលដ្ឋាននៅយេម៉ែនដែលជាប្រទេសដ៏ក្រីក្រ មួយក្នុងពិភពលោក ហាក់មិនញញើតនឹងសហរដ្ឋអាមេរិកទាល់តែសោះ។
ក្រុមហ៊ូទីមិនមែនជាមហាអំណាចយោធាអ្វីនោះទេ តែមានលក្ខខណ្ឌមួយចំនួនដែលអំណោយផលឱ្យពួកគេមានសមត្ថភាពបង្កការបំផ្លិចបំផ្លាញ ហើយធ្វើឱ្យលោកខាងលិចពិបាកបញ្ឈប់ ពួកគេ។ នៅត្រង់នេះ ហេតុផលចម្បងគេ គឺខណៈវាយប្រហារលើក្រុមហ៊ូទី សហរដ្ឋអាមេរិកខ្លួនឯងក៏ប្រឹងប្រែងបញ្ចៀសកុំឱ្យការវាយប្រហាររបស់ខ្លួនបង្កទៅជាសង្រ្គាមដោយផ្ទាល់ ជាមួយអ៉ីរ៉ង់ដែលជាខ្នងបង្អែករបស់ក្រុមហ៊ូទីផងដែរ តាមរយៈការវាយប្រហារមានដែនកំណត់ត្រឹមតែកាត់បន្ថយសមត្ថភាពកុំឱ្យក្រុមហ៊ូទីបន្តវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់ សមុទ្រក្រហមតែប៉ុណ្ណោះ។
ទី២គឺទីតាំងភូមិសាស្ត្រ៖ ធម្មជាតិបានកំណត់រួចទៅហើយថាផ្លូវកាត់ដ៏ល្អប្រសើរសម្រាប់កប៉ាល់ដឹកទំនិញដែលធ្វើដំណើរចន្លោះអឺរ៉ុប ឬពីឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ទៅកាន់ ឥណ្ឌា និងអាស៊ីខាងកើត គឺព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៉ីប ដែលតភ្ជាប់សមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា។ ដោយសារតែមានសារៈសំខាន់បែបនេះឯង ទើបប្រទេស ជាច្រើនប្រយុទ្ធដណ្ដើមគ្នាគ្រប់គ្រងផ្លូវទឹកមួយនេះក្នុងសង្រ្គាមលោកលើកទី១ និងទី២។ ការធ្វើដំណើរឆ្លងកាត់តាមព្រែកជីកស៊ុយអេ ក៏ងាយប្រឈមមុខហានិភ័យខ្ពស់ដែរ ជាក់ស្ដែង កាលពីឆ្នាំ២០២១ កប៉ាល់ដឹកកុងតឺន័រឈ្មោះ Ever Given បានជាប់គាំងក្នុងព្រែកជីកនេះ ជាហេតុបង្កការខាតបង់ដល់ពាណិជ្ជកម្មពិភពលោកអស់ជាច្រើនសប្ដាហ៍។ ក៏ប៉ុន្តែ សព្វថ្ងៃ បញ្ហាមិនមែនកើតឡើងលើព្រែកជីកស៊ុយអេទេ តែជាការគំរាមកំហែងដល់កប៉ាល់ដឹកទំនិញដែលត្រូវធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el Mandeb ស្ថិតនៅ ក្បែរប្រទេសយេម៉ែន។
Bab el Mandeb មានប្រវែងបណ្ដោយជាង ១១២គីឡូម៉ែត្រ និងទទឹង ៣២គីឡូម៉ែត្រ ហើយដែលទំហំនេះគឺផ្ដល់ភាពងាយស្រួលដល់ការវាយប្រហារដោយមីស៊ីលប្រឆាំងនាវា យន្ដហោះដ្រូន និងកាំភ្លើងធំជាដើម។ មិនតែប៉ុណ្ណោះ ផ្ទុយពីផ្លូវ highways ភាគច្រើន វាមិនមានផ្លូវវាង ឬផ្លូវកាត់នោះទេ ប្រសិនបើច្រកសមុទ្រត្រូវបានបិទខ្ទប់។ ទី៣គឺបច្ចេកវិទ្យា៖ ក្រុមហ៊ូទីបច្ចុប្បន្ន ក៏មានសមត្ថភាពប្រើប្រាស់អាវុធប្រឆាំងនាវាទំនើបៗដែរ គួបផ្សំនឹងការប្រើប្រាស់យន្ដហោះដ្រូនដែលមានតម្លៃថោក ហើយសូម្បីតែយន្ដហោះដ្រូនតូចៗក៏អាចបង្ក ការខូចខាតដល់កប៉ាល់ធំៗដែរ។ ក្រុមហ៊ូទីត្រូវបានគេរាយការណ៍ថាមានមីស៊ីលប្រឆាំងនាវា ដែលភាគច្រើនបានមកពីអ៉ីរ៉ង់ជាអ្នកផ្គត់ផ្គង់។ បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សា យុទ្ធសាស្ត្រ (International Institute for Strategic Studies) មីស៊ីលទាំងនោះជាប្រភេទមីស៊ីលស៊េរីចាស់សល់ពីសម័យសូវៀត និងចិន ដូចជាមីស៊ីលគ្រូសប្រឆាំងនាវាសម័យ សូវៀត P-21 Termit និងមីស៊ីលចិន C-801 ដែលអាចបាញ់បានចម្ងាយ ១២៨គីឡូម៉ែត្រ ព្រមទាំងមីស៊ីល Ghadir បាញ់បានចម្ងាយ ២៩៧គីឡូម៉ែត្រ និងមីស៊ីល Quds Z-0 បាញ់ បានចម្ងាយ ៨០៤គីឡូម៉ែត្រ បានមកពីអ៉ីរ៉ង់។ ក្រុមហ៊ូទីក៏មានផងដែរមីស៊ីលបាលិស្ទីគប្រឆាំងនាវាផលិតដោយអ៉ីរ៉ង់ដែលបាញ់បានចម្ងាយ ៤៨២គីឡូម៉ែត្រ និងយន្ដហោះដ្រូន។
មីស៊ីលទាំងនេះត្រូវបាញ់ចេញពីយានទម្របាញ់ចល័ត ដែលអាចផ្លាស់ប្ដូរទីតាំងបានភ្លាមៗ ពោលគឺនៅពេលបាញ់មីស៊ីលរួច ពួកគេអាចផ្លាស់ទីយានទម្របាញ់ មុនពេលយោធាអាមេរិក កំណត់គោលដៅដែលមីស៊ីលត្រូវបានបាញ់ចេញ ជាមួយការវាយប្រហារដោយប្រើមីសីលគ្រូស Tomahawk។ ក្រុមហ៊ូទី ធ្លាប់ប្រើតាក់ទិកបែបនេះក្នុងសង្រ្គាមយេម៉ែន មានរយៈពេល ៩ឆ្នាំ ជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែរ។ ចំណែក ហេតុផលទី៤ គឺនយោបាយ៖ ក្រុមហ៊ូទីបានអះអាងថាពួកគេបើកការវាយប្រហារតែទៅលើកប៉ាល់មានជាប់ពាក់ព័ន្ធ នឹងអ៉ីស្រាអែលប៉ុណ្ណោះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ តែសម្រាប់ក្រុមអ្នកវិភាគលោកខាងលិច ហេតុផលមួយនៅពីក្រោយការវាយប្រហារ របស់ក្រុមហ៊ូទី គឺអ៉ីរ៉ង់កំពុងប្រើប្រាស់តួអង្គតំណាងរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា ដូចជាក្រុមហ៊ូទី ដើម្បីចង់ក្លាយជាមហាអំណាចដ៏ធំមួយក្នុងតំបន់ឈូងសមុទ្រពែក្ស និងមជ្ឈិមបូព៌ា។
ជាការពិតណាស់ ក្រុមហ៊ូទីមិនមែនជាអាយ៉ងផ្ដាច់មុខរបស់អ៉ីរ៉ង់ឡើយ ប៉ុន្តែពួកគេត្រូវការជាចាំបាច់នូវការគាំទ្រពីអ៉ីរ៉ង់ ស្របពេលមេដឹកនាំក្រុមហ៊ូទីមើលឃើញថាការប្រឈមមុខជាមួយ អ៉ីស្រាអែលគឺជាជំហរមួយដ៏មានប្រជាប្រិយភាពនៅក្នុងកែវភ្នែកប្រជាជនរបស់ពួកគេ និងប្រជាជននៅក្នុងចំណោមបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ដែលនៅតែគាំទ្រប៉ាឡេស្ទីនភាគច្រើន។ តេហេរ៉ង់មិនត្រឹមតែជួយអាវុធដល់ក្រុមហ៊ូទីប៉ុណ្ណោះទេ តែក៏បានផ្ដល់ឱ្យក្រុមហ៊ូទីនូវព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពរបស់កប៉ាល់ក្នុងតំបន់សមុទ្រក្រហមផងដែរ។
ដូចគ្នាទៅនឹងសូវៀត និងចិនបានជួយគាំទ្រវៀតណាមខាងជើង ក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក ការគំាទ្ររបស់អ៉ីរ៉ង់អាចនឹងទ្រទ្រង់ក្រុមហ៊ូទីគ្មានដែនកំណត់ ដែលនេះធ្វើឱ្យទណ្ឌកម្ម ប្រឆាំងនឹងពួកគេ ជាឧទាហរណ៍ដូចជាសហរដ្ឋអាមេរិកបញ្ចូលក្រុមហ៊ូទីទៅក្នុងបញ្ជីខ្មៅអង្គការភេរវករឡើងវិញ ទំនងជាមិនមានប្រសិទ្ធភាពឡើយ។ តែនេះក៏មិនមែនមានន័យថា ក្រុមហ៊ូទីខ្លាំងគ្មានគូប្រៀបនោះដែរ។ វាប្រហែលជាការវាយប្រហារទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកលើយោធា បណ្ដាញស៊ើបការណ៍ ឬក៏ថ្នាក់ដឹកនាំរបស់ក្រុមហ៊ូទី អាចនឹងធ្វើឱ្យក្រុម ឧទ្ទាមមួយនេះដកថយក៏ថាបាន។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងសន្តិភាពកំពុងដំណើរការ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសយេម៉ែន ដែល UN បានវាយតម្លៃថាបានសម្លាប់ជីវិតមនុស្ស ២២៧,០០០នាក់ ក៏អាចយកមកប្រើជាការដាក់សម្ពាធលើក្រុមហ៊ូទីដែរ ដើម្បីឱ្យពួកគេសម្រេចចិត្តងាកទៅផ្ដោតលើតម្រូវការចាំបាច់នៃប្រទេសរបស់ពួកគេដែលមានប្រជាជន ជាងពាក់កណ្ដាលរកបានចំណូលត្រឹម ២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ៕