(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ដែលបានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ បានស្លាប់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា បុរសដែលមិនបញ្ចេញឈ្មោះរូបនេះ «បានស្លាប់ហើយដោយសាររបួស កាលពីយប់មិញ (ម៉ោងក្នុងតំបន់)» ដោយបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវជូនដំណឹងក្នុងរយៈពេល ២៤ ម៉ោង។
គួរបញ្ជាក់ថា ការដុតខ្លួនឯងរបស់មន្ត្រីទ័ពអាកាសអាមេរិក កើតមានឡើង ខណៈបាតុកម្មតវ៉ាបានកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងសង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ជាទីដែលជនជាតិប៉ាឡេស្ទីនជិត ៣០ ០០០នាក់ហើយត្រូវបានសម្លាប់៕
រូបភាពពី AFP