(តាវ៉ាវ៉ា)៖ មន្រ្តីឆ្មាំសមុទ្រមួយរូប បាននិយាយថា ឆ្មាំសមុទ្រអាមេរិក និងប៉ូលិសគិរីបាទី បានឡើងលើទូកនេសាទពីរគ្រឿងរបស់ចិន អំឡុងពេលល្បាតដើម្បីប្រឆាំងនឹងការនេសាទខុសច្បាប់ នៅឯតំបន់សេដ្ឋកិច្ចពិសេសដ៏ធំនៃប្រទេសដីកោះគិរីបាទី ក្នុងខែកុម្ភៈនេះ ប៉ុន្តែមិនមានហេតុការណ៍អ្វីកើតឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។
គិរីបាទី ដែលជាប្រទេសដីកោះក្នុងតំបន់ប៉ាស៉ីហ្វិក មានប្រជាជនរស់នៅចំនួន ១១៥,០០០នាក់ ត្រូវបានចាត់ទុកថា ជាទីតាំងយុទ្ធសាស្រ្តមួយ បើទោះបីជាទំហំតូចក្តី ដោយសារតែវាស្ថិតនៅជិតរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក គ្របដណ្តប់ដោយ តំបន់សេដ្ឋកិច្ចផ្តាច់មុខទំហំ ៣.៥លានគីឡូម៉ែត្រក្រឡា និងជាកន្លែងសម្រាប់ស្ថានីយ៍តាមដានផ្កាយរណបជប៉ុន។
បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រអាមេរិក នៅលើកោះហ្គាំ (Guam) មន្ត្រីប៉ូលិសគីរីបាទី បានធ្វើសកម្មភាពល្បាតជាមួយឆ្មាំសមុទ្រអាមេរិក ក្នុងនាមជាអ្នករួមដំណើរនៅលើនាវា ជាលើកដំបូងរយៈពេលជិត១០ឆ្នាំ កាលពីចន្លោះពីថ្ងៃទីទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។ ការឡើងល្បាតទូកនេសាទទាំងពីរគ្រឿងរបស់ចិន គឺជាផ្នែកនៃសកម្មភាពអនុវត្តច្បាប់ដែនសមុទ្រជាប្រចាំ ដើម្បីធានាបាន នូវការអនុលោមតាមបទប្បញ្ញត្តិ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់គិរីបាទី។ ប៉ុន្តែគ្មានហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។ ការិយាល័យប្រធានាធិបតីគិរីបាទី និងស្ថានទូតចិន នៅមិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងស្វែងរកការពង្រីកតួនាទីក្នុងកិច្ចការល្បាត លើដែនដីក្នុងតំបន់ប៉ាស៉ីហ្វិក។ Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ប៉ូលិសចិនកំពុងធ្វើការក្នុងប្រទេសដីកោះគិរីបាទីនេះ ដោយមន្រ្តីប៉ូលិសចិនក្នុងឯកសណ្ឋាន បានចូលរួមក្នុងកិច្ចការប៉ូលិស នៅតាមសហគមន៍ និងកម្មវិធីមូលដ្ឋានទិន្នន័យឧក្រិដ្ឋកម្ម៕
រូបភាពពី Reuters