(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃចន្ទនេះ បាននិយាយថា ចិនជំទាស់យ៉ាងមុតមាំចំពោះការដែលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិននានា សម្រាប់មូលហេតុពាក់ព័ន្ធជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍នៅលើវែបសាយរបស់ខ្លួន ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ទាំងឡាយ ដើម្បីគាំពារឱ្យបានរឹងមាំនូវសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិនទាំងអស់។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការដាក់ ទណ្ឌកម្មផ្នែកពាណិជ្ជកម្មថ្មីទៀត ទៅលើក្រុមហ៊ុនផ្សេងៗសរុបចំនួន៩៣ មកពីរុស្ស៉ី ចិន តួកគី អេមីរ៉ាត់អារ៉ាប់រួម កៀហ្ស៉ីស៉ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង សម្រាប់ការគាំទ្រដល់ កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មនោះ ដែលត្រូវបានធ្វើឡើងនៅមួយថ្ងៃមុនគ្រប់ខួប២ឆ្នាំគត់ នៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺហាមឃាត់ការដឹកជញ្ជូនទំនិញរបស់អាមេរិក ទៅកាន់ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅទាំងនោះ រួមមាន៨ក្រុមហ៊ុនមកពីចិន, ៦៣ក្រុមហ៊ុនមកពីរុស្ស៉ី, ១៦ក្រុមហ៊ុនមកពីតួកគី និង៤ក្រុមហ៊ុនមកពីអេមីរ៉ាតអារ៉ាប់រួម៕
រូបភាពពី Reuters