(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានទទូចឱ្យក្រុមវេជ្ជបណ្ឌិតជាន់ទាប ភាគច្រើនជាសិក្ខាកាមវេជ្ជបណ្ឌិត ត្រឡប់មកធ្វើការដូចដើមវិញ ហើយបានព្រមានថា ពួកគេអាចនឹងប្រឈមមុខជាមួយផ្លូវច្បាប់ ប្រសិនបើនៅតែចចេសមិនវិលចូលមន្ទីរពេទ្យ នៅក្នុងរយៈពេល៣ថ្ងៃខាងមុខទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
តួលេខផ្លូវការបង្ហាញថា វេជ្ជបណ្ឌិតជាន់ទាបសរុបជាង១០,០០០នាក់ ស្មើនឹង៨០.៥ភាគរយ នៃសិក្ខាកាមវេជ្ជបណ្ឌិតទាំងអស់នៅកូរ៉េខាងត្បូង បាននាំគ្នាដាក់ពាក្យលាឈប់ពីការងារ ខណៈវាជាផ្នែកនៃសកម្មភាពមួយ ប្រឆាំងផែនការរបស់រដ្ឋាភិបាល ដែលមានគោលដៅបង្កើនយ៉ាងគំហុក នូវចំនួននិស្សិតដែលត្រូវទទួលឱ្យចូលសិក្សា នៅតាមសាលាវេជ្ជសាស្រ្ត ចំពោះមុខបញ្ហាខ្វះខាតគ្រូពេទ្យ និងការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនប្រជាជនវ័យចំណាស់ ក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ
ការលាឈប់ពីការងារក្នុងទ្រង់ទ្រាយធំសម្បើមបែបនេះ បានបង្កឱ្យមានការលុបចោល និងពន្យារពេលប្រតិបត្តិការសំខាន់ៗរបស់មន្ទីរពេទ្យ ដូចជាការវះកាត់សម្រាប់អ្នកជំងឺមហារីក និងការវះកាត់សម្រាប់ស្រ្តីមានផ្ទៃពោះ ជាដើម ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដំឡើងការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ ដល់កម្រិតខ្ពស់បំផុត ដោយសារតែរឿងនេះ។ វេជ្ជបណ្ឌិតត្រូវបានចាត់ទុកជាបុគ្គលិកចាំបាច់ នៅកូរ៉េខាងត្បូង ហើយត្រូវបានហាមឃាត់មិនឱ្យធ្វើកូដកម្មឡើយ។ ខាងរដ្ឋាភិបាលបានអះអាងថា ការលាឈប់ក្នុងទ្រង់ទ្រាយរបស់ពួកគេ គឺជាទង្វើខុសច្បាប់។
គិតត្រឹមថ្ងៃចន្ទនេះ សិក្ខាកាមវេជ្ជបណ្ឌិតសរុប៩,០០៦នាក់ មិនបានបង្ហាញវត្តមាននៅកន្លែងធ្វើការឡើយ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូង បានព្រមានថា ចំណាត់ការផ្លូវច្បាប់ រួមមានការដាក់ទោស ការចាប់ខ្លួន និងការផ្អាកអាជ្ញាបណ្ណវេជ្ជបណ្ឌិតជាដើម ប្រឆាំងអ្នកដែលធ្វើកូដកម្ម មុខជានឹងចៀសមិនផុតឡើយ។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានកំណត់ឱ្យពួកគេត្រឡប់ចូលមកធ្វើការវិញ មិនឱ្យលើសពីថ្ងៃទី២៩ ខែកុម្ភៈនេះ។
គួរបញ្ជាក់ថា ក្នុងផែនការធ្វើឱ្យប្រសើរឡើងនូវវិស័យសុខាភិបាល រដ្ឋាភិបាលកូរ៉េខាងត្បូង មានគោលដៅបង្កើនចំនួននិស្សិតចូលសិក្សា នៅតាមសាលាពេទ្យ ប្រមាណ២,០០០នាក់បន្ថែម ក្នុងមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំក្រោយទៅ។ សហគមន៍វេជ្ជបណ្ឌិតកូរ៉េខាងត្បូង បានបង្ហាញសំឡេងប្រឆាំងជាខ្លាំងចំពោះផែនការនោះ ក្រោមហេតុផលថា វានឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃសេវាកម្ម។ ចំណែក ក្រុមវេជ្ជបណ្ឌិតជាន់ទាប និងសិក្ខាកាមវេជ្ជបណ្ឌិត បានលើកឡើងថា រដ្ឋាភិបាលគួរតែដោះស្រាយជាមុនសិន នូវបញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ ហើយការពឹងផ្អែកខ្លាំងហួសហេតុពេកលើក្រុមសិក្ខាកាម នៅក្នុងប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន គឺមិនសមហេតុផល ឬយុត្តិធម៌ឡើយ។
ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់របស់រដ្ឋ និងក្រុមវេជ្ជបណ្ឌិតឯកជន មិនបានចូលរួមសកម្មភាពកូដកម្មនេះទេ ប៉ុន្តែពួកគេបានរៀបចំការប្រមូលផ្តុំ ដើម្បីអំពាវនាវឱ្យ រដ្ឋាភិបាលលុបចោលផែនការរបស់ខ្លួនវិញ។ យ៉ាងណាមិញ ការស្ទង់មតិបានបង្ហាញថា ប្រជាជនកូរ៉េខាងភាគច្រើនបានបង្ហាញមតិយល់ស្របចំពោះ ផែនការបង្កើនចំនួននិស្សិតវេជ្ជបណ្ឌិតរបស់រដ្ឋាភិបាល។ ខាងអ្នកគាំទ្រការធ្វើកំណែទម្រង់ បានលើកឡើងថា ក្រុមវេជ្ជបណ្ឌិតមានក្តីកង្វល់ជាចម្បងថា ផែនការនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ខែរបស់ពួកគេ ក៏ដូចជាឋានៈសង្គមរបស់ពួកគេ៕
រូបភាពពី Reuters