(មូស្គូ)៖ អ្នកនាំពាក្យលោក Alexei Navalny បានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា សពមេបក្សប្រឆាំងរុស្ស៉ីរូបនេះ ត្រូវបានប្រគល់មកឱ្យម្តាយរបស់លោកហើយ ពោលគឺរយៈពេលជាង១សប្តាហ៍ក្រោយ ក្រោយលោកទទួលមរណភាព នៅក្នុងពន្ធនាគារនៃប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Navalny ដែលជាអ្នកហ៊ានរិះគន់ខ្លាំងជាងគេ ប្រឆាំងប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ក្នុងពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយ នៅភាគខាងជើងតំបន់ Siberia របស់រុស្ស៉ី ជាទីដែលរូបលោកត្រូវអនុវត្តទោសជាប់ពន្ធនាគារ សរុបរយៈពេលជាច្រើនឆ្នាំ ក្រោមបទចោទប្រកាន់ដែលមតិភាគច្រើនមើលឃើញថា ជាទង្វើសងសឹកនយោបាយសម្រាប់និន្នាការប្រឆាំងរបស់លោក។
គួរបញ្ជាក់ថា រយៈពេលជាង១សប្តាហ៍មកនេះ អាជ្ញាធររុស្ស៉ីបានបដិសេធប្រគល់សពលោក Navalny ឱ្យទៅម្តាយលោក គឺលោកស្រី Lyudmila Navalnaya ក្រោមហេតុផលថា នៅបន្តការស៉ើបអង្កេត បន្ទាប់ពីអះអាងថា រូបលោកបានសន្លប់បាត់ស្មារតី រួចហើយទទួលមរណភាពតែម្តងក្នុងពន្ធនាគារ ទោះមានការព្យាយាមជួយសង្រ្គោះជីវិតក្តី។ មកទល់ពេលនេះ ហាក់ពុំទាន់មានការបញ្ជាក់លម្អិតថ្មី ជុំវិញការស្លាប់របស់លោក Navalny ឡើយ។ មរណភាពរបស់មេបក្សប្រឆាំងរូបនេះ កើតឡើងស្របពេលដែលប្រទេសរុស្ស៉ី ត្រៀមខ្លួនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅខែមីនាខាងមុខ៕
រូបភាពពី AFP